ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ សមត្ថកិច្ចរកឃើញសារធាតុញៀន ដឹកចូលកម្ពុជា​ ដោយស្របច្បាប់ ជាង១០០តោន (Video)

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរកមុខឲ្យឃើញ ចំពោះអ្នកនាំសារធាតុញៀនចូលមកកម្ពុជា ព្រោះថ្មីៗនេះ សមត្ថកិច្ចរកឃើញ សារធាតុញៀនដឹកចូលមកកម្ពុជា ដោយស្របច្បាប់ ជាង១០០តោន ។

ក្នុងពិធីប្រគល់រថយន្ដ ជូនវរសេនាតូចនគរបាល ការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា “នាពេលថ្មីៗនេះ សមត្ថកិច្ចឃើញសារធាតុញៀន ដឹកចូលមកកម្ពុជា ដោយស្របច្បាប់ជាង១០០តោន” ។ ដោយសម្ដេច បានចោទសួរថា តើអ្នកណាទទួលខុសត្រូវ? ក្នុងការនាំសារធាតុញៀនទាំងនេះ ចូលមកប្រទេសកម្ពុជា ។

សម្ដេចបន្ដថា ដូច្នេះត្រូវរកឲ្យឃើញ អ្នកទទួលខុសត្រូវ ចំពោះការនាំសារធាតុញៀនទាំងនោះ ចូលមកកម្ពុជា ដោយហេតុថា នាំគ្នាចុះហត្ថលេខា អនុញ្ញាតឲ្យនាំសារធាតុញៀនចូលមកកម្ពុជា។ សម្ដេចបានលើកឧទាហរណ៍ថា ការនាំសារធាតុញៀន ចូលមកកម្ពុជា ប្រៀបដូចជានាំរថយន្ដគេចពន្ធ ចូលមកកម្ពុជាដែរ ព្រោះនាំគ្រឿងបន្លាស់រថយន្ដចូលកម្ពុជា ហើយផ្គុំចេញជារថយន្ដគេចពន្ធ។

សម្ដេចមានប្រសាសន៍ថា «សូមឲ្យក្រសួងដែលជាក្រសួងអាជ្ញាប័ណ្ណ ខ្ញុំនិយាយប៉ុណ្ណឹង មិនបាច់បញ្ចេញឈ្មោះទេ ខ្ញុំនិយាយប៉ុណ្ណឹងដឹងហើយ ។ សូមឯកឧត្តមរដ្ឋមន្ដ្រី មើលរឿងហ្នឹង បើមិនចឹងទេ? ឯកឧត្តម ជាប់ជំពាក់ទទួលខុសត្រូវ ចំពោះសង្គមកម្ពុជា ទាក់ទងការបំផ្លាញសុខភាពសាធារណៈ ហើយអាជ្ញាធរគ្រឿងញៀន ត្រូវពិនិត្យរឿងឲ្យច្បាស់លាស់»។

សម្ដេច ស ខេង ក៏បានណែនាំបន្ថែម ដល់ក្រសួងចេញអាជ្ញាប័ណ្ណឲ្យនាំចូល សារធាតុញៀនស្របច្បាប់ ថាត្រូវបញ្ជូនលិខិតមក ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាល និងអាជ្ញាធរគ្រឿងញៀន ឲ្យបានដឹងផង តើសារធាតុញៀនទាំងនោះ ចរាចរណ៍ដល់ណាខ្លះ? ។ សម្ដេចថា ពេលខ្លះយកលេសថា នាំមកដើម្បីយកធ្វើជី ឬធ្វើថ្នាំ តែផ្ទុយទៅវិញផលិតគ្រឿងញៀន។ សម្ដេចក៏ចោទសួរទៀតថា តើយ៉ាងម៉េច មិនផ្ដល់ដំណឹងឲ្យគ្នា ទៅវិញ ទៅមក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕

To Top