ភ្នំពេញ ៖ កម្ពុជាបានប្រារព្ធ «ទិវាជាតិកម្ពុជា» នៅក្នុងពិព័រណ៍ពិភពលោក២០២០ ឌុយបៃ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅទីក្រុងឌុយបៃ នៃសហភាពអារ៉ាប់រួម ដោយមានប្រទេស និងអង្គការអន្តរជាតិធំៗ ប្រមាណជាង៥០ បានចូលរួមអបអរសាទរ។ នេះបើយោងតាមការ ចេញផ្សាយរបស់ទូរទស្សន៍ជាតិ កម្ពុជា នាថ្ងៃ២៥ មករា ។
ប្រារព្ធទិវាជាតិកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក២០២០ ឌុយបៃនេះ ដឹកនាំដោយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ-ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនានា និងលោក ថានី ប៊ីន អាម៉េដ អាល់ ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃ សហភាពអារ៉ាប់រួម។
ក្នុងពិធីនេះ ក៏មានការថ្លែងសុន្ទរកថា អបអរសាទរ ដោយប្រធានគណៈប្រតិភូប្រទេសកម្ពុជា-អារ៉ាប់រួម , កម្មវិធីសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរ , កម្មវិធីបង្ហាញមុខម្ហូបខ្មែរ២ មុខ គឺអាម៉ុកត្រី និងគុយទាវភ្នំពេញ ដោយចុងភៅកម្ពុជា មកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា , វេទិកាជំរុញការវិនិយោគ និងទេសចរណ៍កម្ពុជា និងការសម្តែងសិល្បៈបង្ហាញវប្បធម៌ខ្មែរជូនពិភពលោកបានស្គាល់ ។
នាឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីអត្ថន័យសំខាន់ នៃការសាងសង់ពន្លាជាតិកម្ពុជាថា ព្រះរាជាណាចក្រកម្ពុជា គឺជាដែនដីសុវណ្ណភូមិ ដ៏ចំណាស់មួយ នៅក្នុងតំបន់ឤស៊ីឤគ្នេយ៍ និងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាប្រវត្តិសាស្ត្រតាំង ពីបុរាណរហូតមកដល់បច្ចុប្បន្ន។
រដ្ឋមន្ត្រីបញ្ជាក់ថា ពន្លាជាតិកម្ពុជា បានសាងសង់យ៉ាងល្អប្រណីតតាមរចនាបថខ្មែរ ដោយច្របាច់បញ្ចូលគ្នានូវសម័យកាលជាប្រវត្តិសាស្រ្តសំខាន់ៗ ចំនួន៤ ៖ សម័យមុនអង្គរ , សម័យអង្គរ , សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ។
លោកបន្តថា ដោយសារចំណុចពិសេសទាំងនេះ ទើបធ្វើឲ្យពន្លាជាតិកម្ពុជា ត្រូវបានគណៈកម្មការជ្រើសរើសចូលក្នុងបញ្ជីប្រទេសចំនួន៣០ ក្នុងចំណោម១៩០ប្រទេស ដែលបានរៀបចំ ពន្លាជាតិស្អាតជាងគេ និងមានលក្ខណៈពិសេសស្រប តាមប្រធានបទនៃពិព័រណ៍ សម្រាប់បើកទទួលភ្ញៀវ សាកល្បងមុនពេលពិព័រណ៍ពិភពលោក បើកសម្ពោធជាផ្លូវការមួយថ្ងៃ ។
អំពីពន្លាជាតិកម្ពុជានេះ លោករដ្ឋមន្រ្តីឲ្យដឹងទៀតថា ដោយចាប់តាំងពីបើកដំណើរការ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនាចំនួន ១៧៤, ០១៨ នាក់ ក្នុងនោះគ្រាន់តែក្នុងរយៈពេល១ថ្ងៃ នៃបើកសាកល្បងដំបូង ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវ ចូលទស្សនារហូតដល់ជាង ១,០០០ នាក់។
ពិព័រណ៍ពិភពលោក២០២០ ឌុយបៃ គឺជាព្រឹត្តិការណ៍កម្រិតពិភពលោកលើកដំបូង ដែលរៀបចំឡើងនៅតំបន់មជ្ឈឹមបូព៌ាមានរយៈពេល៦ខែ ហើយបើកចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ស្មើនឹងចំនួន១៨២ថ្ងៃ។ ប្រធានបទនៃពិព័រណ៍នេះគឺការតភ្ជាប់គំនិត ដើម្បីស្ថាបនាអនាគត (Connecting Minds, Creating the Future) និងមានប្រធានបទរងចំនួន៣ ៖ កាលានុវត្តភាព, វឌ្ឍនភាព និងនិរន្តភាព។ តាមការរំពឹងទុក បន្ទាប់ពីការ ចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃនាពេលនេះ នឹងធ្វើឲ្យពិភពលោកស្គាល់ និងចាប់អារម្មណ៍លើកម្ពុជា កាន់តែច្រើនឡើងថែមទៀត ហើយកម្ពុជារំពឹងថា តាមរយៈការរៀបចំវេទិការជំរុញការវិនិយោគ និងទេសចរណ៍នាពេលនេះ នឹងទាក់ទាញវិនិយោគគិន និងទេសចរណ៍អន្តរជាតិបានច្រើន ថែមទៀតចូលមកកម្ពុជា ៕