ព័ត៌មានជាតិ

សម្តេចតេជោ ជួបសន្ទនា ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញទទួលជួបសន្ទនាការងារ ជាមួយលោក Yab dato sri ismal sabri bin yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិ។

ការជួបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីតាមប្រព័ន្ធអនឡាញនេះ បានធ្វើឡើងក្រោយគ្នា៤ថ្ងៃ បន្ទាប់ពីសម្តេចតេជោ បានផ្តាំទៅលោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា កុំព្រហើនពេក ។

សូមបញ្ជាក់ថា កាលពីថ្ងៃ២១ មករា សម្តេចតេជោ តាមរយៈ លោក យូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី រ៉េតណូ ដើម្បីឲ្យលោកស្រីជូនសាររបស់សម្ដេចតេជោ ទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា កុំព្រហើនពេក ក្រោយពីរដ្ឋមន្រ្តីការបរទេសរូបនេះ បានប្រើសំដី មិនគប្បី ចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានគឺសម្តេចតែម្ដង ។ សម្តេចបានប្រតិកម្មថា សំដីរបស់ប្រមុខ ការទូត ម៉ាឡេស៊ីនេះ មិនសមជាភាសាការទូតទេ និងមិនយល់ពីសិល្បៈការទូត ។

លោក Saifuddin Abdullah ជារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី តាមរយៈបទសំភាសន៍ ជាមួយសារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះ បានវាយប្រហារ និងរិះគន់ទាក់ទងទៅនឹងដំណើរ សម្តេចតេជោ ទៅមីយ៉ាន់ម៉ា កាលពីថ្ងៃ៧-៨មករា ៕

To Top