ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធាណការ ស្នើADB ពង្រីកវិសាលភាព នៃការប្រើប្រាស់ភ្លើង LED គ្របដណ្តប់រាជធានី-ខេត្ត

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាពង្រីកវិសាលភាព នៃការប្រើប្រាស់អំពូលភ្លើង LED គ្របដណ្តប់ទៅដល់បណ្តារាជធានី-ខេត្ត មួយចំនួន ដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រងថាមពល។

ក្នុងជំនួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីកម្មវិធីអភិវឌ្ឍន៍វិស័យថាមពល ដឹកនាំដោយលោក Pradeep Tharakan ជំនាញការ ADB ទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីការរៀបចំ សេចក្តីព្រាងគោលនយោបាយដឹក ជញ្ជូនផ្លូវគោក ក្នុងនោះ មានចែងអំពីការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ សម្រាប់គាំទ្រដល់ការប្រើប្រាស់ រថយន្តដើរដោយថាមពលអគ្គិសនី ការស្នើសុំកាត់បន្ថយពន្ធនាំរថយន្តថ្មី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ទៅក្នុងបរិយាកាស ។

លោក បន្ដថា ដើម្បីចូលរួមក្នុងការប្រើប្រាស់ ថាមពលប្រកបដោយប្រសិទ្ធភាព ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល បានបំពាក់អំពូលភ្លើង LED នៅតាមផ្លូវ៣៧ខ្សែ ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ថ្មីៗ ស្ថិតនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងផ្លូវ៣៨ខ្សែ ដែលទើបបញ្ចប់ការសាងសង់ ស្ថិតនៅក្នុងក្រុងសៀមរាប នៅខេត្តសៀមរាប ដើម្បី ជាការចាប់ផ្ដើមនូវការ សម្របខ្លួនជាបណ្តើរៗ ទៅនឹងគោលនយោបាយ ប្រើប្រាស់ថាមពលប្រកប ដោយប្រសិទ្ធភាព ។

ជាមួយគ្នានោះដែរ ក្រុមជំនាញការធនាគារ អភិវឌ្ឍន៍អាស៊ី បានថ្លែងអំពីគម្រោងជ្រើសរើស អាគារមួយកន្លែង នៅក្នុងរាជធានីភ្នំពេញ ដើម្បីជាគម្រោង សាកល្បងសម្រាប់ការ ប្រើប្រាស់ឧបករណ៍ ដែល ជួយបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ថាមពល កាត់បន្ថយការចំណាយ និងចូលរួមចំណែកដល់ការ កាត់បន្ថយការបំភាយ ឧស្ម័នកាបូនធ្វើឲ្យប៉ះពាល់បរិស្ថាន។

ក្រោយពីស្តាប់បទបង្ហាញ ស្តីអំពីកម្មវិធីអភិវឌ្ឍប្រសិទ្ធភាពវិស័យថាមពល ដែលរៀបចំឡើងដោយ ជំនាញការ ADB លោកទេសរដ្ឋមន្ត្រី បានគាំទ្រទាំងស្រុងចំពោះគំនិត ផ្តួចផ្តើមនៃកម្មវិធីនេះ។
លោក បញ្ជាក់ថា «ស្នើឲ្យអ្នក ជំនាញការ ADB ពិចារណាលើការពង្រីកវិសាលភាពនៃការប្រើប្រាស់អំពូលភ្លើង LED គ្របដណ្តប់ទៅដល់ បណ្តារាជធានី-ខេត្ត មួយចំនួន ដូចជា ៖ ខេត្តកំពង់ចាម កំពត កែប កោះកុង និងបណ្ដារាជធានី-ខេត្ត មួយចំនួនទៀត ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងថាមពល»៕

To Top