ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឲ្យមានការពង្រីកកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-នេប៉ាល់ ទៅលើវិស័យសន្ដិសុខ និងការងារសម្របសម្រួលជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយធ្វើឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ទៅវិញ ទៅមក។
ក្នុងឱកាសអនុញ្ញាតឱ្យ លោក Genesh Prasad Dhakal ឯកអគ្គរដ្ឋទូត ប្រទេសនេប៉ាល់ ទើបតែងតាំងថ្មី ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានប្រាប់ ឯកអគ្គរដ្ឋទូត ដោយសង្ខេបនូវកិច្ចការសំខាន់ៗមួយចំនួន ស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ ក្រសួងមហាផ្ទៃ ក្នុងនោះ សម្ដេច បានថ្លែងថា ក្រសួងមហាផ្ទៃ ក៏ទទួលទៅលើការងារសំខាន់ ចំនួន២ រួមមាន៖ ទី១-វិស័យសន្ដិសុខ និងទី២-ការងារសម្របសម្រួលជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេច មានប្រសាសន៍ថា «សូមសម្ដែងនូវសេចក្ដីសង្ឃឹម ក៏ដូចជា ចំណាប់អារម្មណ៍ទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យទាំងនេះជាមួយប្រទេសនេប៉ាល់ ដែលកិច្ចការនេះអាចនឹងធ្វើឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ទៅវិញ ទៅមក ទៅលើការងារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការចែករំលែកបទពិសោធន៍ ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ»។
សម្ដេច រៀបរាប់ថា កិច្ចការមួយចំនួនដែលក្រសួងមហាផ្ទៃ កំពុងតែដឹកនាំអនុវត្ត ក្នុងនោះ រួមមាន ៖ ការងារកំណែទម្រង់នគរបាលជាតិ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកិច្ចការទាំងពីរនេះ ក្រសួងមហាផ្ទៃ បាននិងកំពុងអនុវត្ត ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់រហូតមកដល់ពេលនេះផងដែរ។
លើសពីនេះទៀត សម្ដេច ស ខេង ជឿជាក់ថា តាមរយៈបេសកម្មការទូតរបស់ ឯកអគ្គរដ្ឋទូត កម្ពុជា-នេប៉ាល់ នឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យសំខាន់ៗ ដែលបម្រើដល់ផលប្រយោជន៍ ទៅវិញ ទៅមក រវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែករឹតចំណង់មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយថែមទៀតរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Genesh Prasad Dhakal ឯកអគ្គរដ្ឋទូត ប្រទេសនេប៉ាល់ ប្រចាំកម្ពុជា បានឯកភាពចំពោះការវាយតម្លៃរបស់ សម្ដេច ស ខេង ទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់។ លោក ថា ជាការពិតកន្លងមកតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ពិតជាបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗមួយចំនួន ជាពិសេស ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក ក៏បានគាំទ្រចំពោះគំនិតផ្តួតផ្ដើម ក៏ដូចជា ការលើកឡើងរបស់ សម្ដេច ស ខេង ក្នុងការបង្កើតឱ្យមានក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស អ្វីដែលស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ជាមួយនេប៉ាល់៕