ភ្នំពេញ៖ នាយកដ្ឋានជាតិ គ្រប់គ្រងឱសថបុរាណចិន និងក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីអំពីការបញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិន ប្រយុទ្ធជំងឺវីរុសកូវីដ១៩ មកកម្ពុជា។
យោងតាមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងការចុះហត្ថលេខានេះ ធ្វើឡើងដោយ លោក Huang Luqi អនុប្រធាននាយកដ្ឋានជាតិ គ្រប់គ្រងឱសថបុរាណចិន ជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ភាគីចិន ដែលបានផ្តល់ជំនួយសាងសង់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់ការគាំទ្រយ៉ាងពេញទំហឹង របស់ភាគីចិន លើកិច្ចទប់ស្កាត់ជំងឺវីរុស ក្នុងប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះប្រសិទ្ធភាព នៃឱសថបុរាណចិន Lianhua Qingwen Jiaonang និងឱសថបុរាណចិន Huashi Baidu Granule ក្នុងការព្យាបាលជំងឺវីរុសកូវីដ១៩ និងយល់ថា ការបញ្ជូនក្រុមវេជ្ជសាស្រ្ត បុរាណចិនមកកាន់កម្ពុជា នឹងជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ ជួយជំរុញការអភិវឌ្ឍន៍ចំណងមិត្តភាព រវាងចិននិងកម្ពុជា។
ចំណែកលោក Huang Luqi មានប្រសាសន៍ថា ចិននិងកម្ពុជាជាប្រទេសជិតខាងល្អនឹងគ្នា។ ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដ១៩មក ចិននិងកម្ពុជាបានពួតដៃគ្នា ពុះពាររាល់ឧបសគ្គទាំងឡាយ បង្កើតបានជាគំរូ នៃកិច្ចសហប្រតិបត្តិការទប់ស្កាត់ ជំងឺវីរុសកូវីដ១៩ ជូនដល់សហគមន៍អន្តរជាតិ។
លោកថា ភាគីចិននឹងសម្រេចចិត្ត បញ្ជូនក្រុមវេជ្ជសាស្រ្តបុរាណចិន មកកាន់កម្ពុជា គឺជាសកម្មភាពដ៏សំខាន់ ក្នុងការអនុវត្តកុងសុងស៊ីស នៃថ្នាក់ដឹកនាំទាំងពីរប្រទេស។
លោកសង្ឃឹមថានឹងសហការយ៉ាងជិតរមួត ជាមួយភាគីកម្ពុជា ដើម្បីលើកកម្ពស់មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈទៅជាមន្ទីរពេទ្យស្ដង់ដារ កម្រិតខ្ពស់ក្នុងប្រទេស ជឿជាក់ថាក្រុមវេជ្ជសាស្រ្តចិន មិនត្រឹមតែជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសប៉ុណ្ណោះទេ ថែមទាំងជួយជំរុញការអភិវឌ្ឍន៍ វិស័យឱសថបុរាណ របស់កម្ពុជាផងដែរ ចូលរួមចំណែកថ្មី ក្នុងការកសាងសហគមន៍ វាសនារួម រវាងចិននិងកម្ពុជា។
យោងតាមកិច្ចព្រមព្រៀងខាងលើនេះ ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញ ផ្នែកវេជ្ជសាស្រ្តបុរាណចិនមកកាន់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺវីរុស នឹងបំពេញបេសកកម្ម ជាជំនួយវេជ្ជសាស្រ្តក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈចំនួនមួយឆ្នាំ ដែលជាមន្ទីរពេទ្យជំនួយ សាងសង់ដោយភាគីចិន។ នេះគឺជាក្រុមវេជ្ជសាស្រ្តចិន ថ្នាក់ជាតិដំបូងគេ នឹងត្រូវបានចាត់បញ្ជូន មកកាន់ក្រៅប្រទេស៕