ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សៀវភៅ គូព្រេងមិនព្រាត់ បោះពុម្ព ជាភាសាចិន លក់បាន១៥០០ច្បាប់ ហើយទទួលចំណូល ៧.៥០០ដុល្លារ ខណៈថវិកាទាំងនោះ សម្ដេច នឹងយកទៅសាងសង់ផ្ទះជូនអតីតយុទ្ធជន។
យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាពេលកន្លងមក សម្ដេចបានសរសេរសៀវភៅ មួយមានចំណងជើងថា «គូព្រេងមិនព្រាត់» ដែលបានបោះពុម្ពជា ៣ភាសាមាន ខ្មែរ អង់គ្លេស និងចិន។
សម្ដេចតេជោបន្ដថា សម្រាប់ការបោះពុម្ពជាភាសាចិន គឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ទាំងការបកប្រែ ទាំងការបោះពុម្ព។
សម្ដេចតេជោមានប្រសាសន៍ថា «ជាការគួរឲ្យភ្ញាក់ផ្អើល និងសូមកោតសរសើរ ដែលសៀវភៅភាសាចិន ត្រូវបានដាក់លក់បាន ១៥០០ច្បាប់ ក្នុងរយៈពេលដ៍ខ្លីដែលបានចំណូល ៧.៥០០ដុល្លារ ដែលក្នុងមួយច្បាប់តម្លៃ ៥ដុល្លារ»។
សម្ដេចតេជោ ក៏បានអរគុណ លោក ពុង ខៀវសែ និងសមាគមដែលបានជួយ ចាត់ចែងលើការងារនេះ ហើយ សម្ដេច នឹងប្រើថវិកានេះសម្រាប់សាងសង់ផ្ទះ ជូនអតីតយុទ្ធជនផងដែរ៕