ព័ត៌មានជាតិ

អ្នកហោរាសាស្រ្តពន្យល់ខ្មែរ សែស្រឡាយចិន ឱ្យមេីលទំនៀមទម្លាប់ កុំសម្លឹងមេីលហោរា ច្រេីនពេក

ភ្នំពេញ៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ខិតជិតមកដល់ លោក អ៊ឹម បុរិន្រ្ទ អ្នកហោរាសាស្រ្តខ្មែរបានណែនាំដល់ខ្មែរសែស្រឡាយចិនឱ្យមេីលទំនៀមទម្លាប់កុំសម្លឹងមេីលហោរាច្រេីនពេក​ព្រោះពេលនេះជាពិធីបុណ្យប្រពៃណីមិនមែនបុណ្យហោរាទេ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ លោក អ៊ឹម បុរិន្រ្ទ បានរៀបរាប់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញហោរាគ្រូទាយ ចិនសែរីកព្រោងព្រាតពេញហ្វេសប៊ុក ផេក វាជាការល្អម្យ៉ាងដែរដែលមានហោរាជាច្រើនដូច្នេះ ព្រោះងាយស្រួលក្នុងការឱ្យគ្រូហោរជួយតម្រង់ទិសការងារអាជីវកម្មខ្លះៗ។

តាមករសង្កេតរបស់លោកឥឡូវនេះហោរាកាន់ក្បួនចិន ដែលយើងធ្លាប់ហៅថា ចិនសែមានការរីកដុះដាលខ្លាំងជាគេហើយក៏ត្រូវប៉ាន់ជាងគេផង។

តាមការសង្កេតក៏បានឃើញថាហោរាខ្មែរ ហោរដែលជាអ្នកស្នងរូប ហៅថាខ្មោចចូលហោរចូលរូបនិងហោរមួយចំនួនទៀតបានក្លាយខ្លួនជាចិនសែស្ទើរទាំងអស់ទៅហើយ។នៅប៉ុន្មានថ្ងៃចុងក្រោយនេះគឺជាថ្ងៃជិតដល់ពេលចូលឆ្នាំចិននិងសែនដកជើងធូបស្រាប់តែឮចិនសែខ្លះថាថ្ងៃសែនមិនត្រូវពាក់អាវពណ៌នេះពណ៌នោះគ្រូខ្លះថាហាមពណ៌ក្រហម ពណ៌មាសពណ៌លឿង។ល។ហើយឱ្យពាក់ពណ៌ខ្មៅពណ៍ខៀវ សូម្បីតែរបស់សែនក៏ឱ្យលាភពណ៍ខ្មៅឬខៀវដែរ។

លោក អ៊ឹម បុរិន្រ្ទ ណែនាំថា”ខ្ញុំគិតថាគ្រូច្រើនពេកខ្មែរខ្សែស្រឡាយចិនប្រហែលកំពុងវង្វេងហើយមិនដឹងថាធ្វើអ្វីឱ្យត្រូវនោះឡើយ។សម្រាប់ខ្ញុំសូមជម្រាបបងប្អូនដែលជាខ្មែរសែស្រឡាយចិន(កាត់ចិន)គួរមើលទៅទំនៀមទម្លាប់វិញទើបមិនច្របូកច្របល់។ប្រពៃណីជនជាតិចិនគឺពណ៌ក្រហមជាពណ៌តំណាងឱ្យជ័យជំនះពណ៌ដែលអាចកំចាត់ឧបទ្រុពទាំងឡាយបានហើយសត្វនៀនក៏ខ្លាចពណ៌ក្រហមនេះដែរ។

ដូច្នេះការសែនដកជើងធូបក្ដីសែនចូលឆ្នាំក្ដី ពណ៌ក្រហមជាពណ៌ល្អបំផុតហើយពណ៌លឿងជាពណ៌ផ្កាអង្គារសីលគឺជាដើមឈើដែលជនជាតិចិនមិនអាចអត់បាននៅក្នុងឱកាសចូលឆ្នាំចិន។ដូច្នេះចូរសំឡឹងមេីលទៅទំនៀមទម្លាប់កុំសំលឹងទៅមេីលហោរាច្រេីនពេកព្រោះពេលនេះជាពិធីបុណ្យប្រពៃណីមិនមែនបុណ្យហោរាទេ”៕

To Top