ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ មីន អោងឡាំង អះអាងជាថ្មីថា មីយ៉ាន់ម៉ា ប្តេជ្ញាធ្វើការជាមួយកម្ពុជា ជាប្រធានអាស៊ាន

ភ្នំពេញ៖ ស្របពេលភាពតានតឹង នៅក្នុងប្រទេសមីយ៉ាន់ មិនទាន់មានសញ្ញាថមថយនៅឡើយនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បាន ឯកភាពបន្តការពិភាក្សាដោយស្មោះត្រង់ លើបញ្ហានានា ដែលជាប្រយោជន៍ទៅវិញទៅមក។

ការឯកភាពគ្នានេះ ធ្វើឡើងនៅជំនួបសន្ទនា តាមប្រព័ន្ធវីដេអូ រវាង មេដឹកនាំទាំងពីរ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរបានឱ្យដឹងថា ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអះអាងជាថ្មី ចំពោះសម្តេចតេជោ ហ៊ុន សែន ថា មីយ៉ាន់ម៉ា ប្តេជ្ញាចិត្តធ្វើការជាមួយកម្ពុជា ជាប្រធានអាស៊ាន ដើម្បីធានាបាននូវឆ្នាំប្រកបដោយជោគជ័យមួយ។

ដោយឡែក សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវអំណរគុណចំពោះ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សម្រាប់ការអះអាងជាថ្មី នូវការគាំទ្រយ៉ាងពេញទំហឹងរបស់លោកចំពោះ ធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូន លោក មីន អោង ឡាំង ថាក្នុងឋានៈជាប្រធានអាស៊ាន កម្ពុជាមានការ បារម្ភយ៉ាងខ្លាំង ជុំវិញអំពើហិង្សាដែលបន្តកើត មាននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានលើកឡើង នូវសំណើរ៤ចំនុច ទៅកាន់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ៖

សំណើរទាំង៤ចំនុចរួមមាន៖

១. កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលបានឯកភាព នៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំ អាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ តំណាងឱ្យដំណោះស្រាយរួមរបស់ អាស៊ាន ក្នុងការនាំមកនូវប្រក្រតីភាពដល់ប្រទេសមីយ៉ាន់ម៉ា។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែង រួមគ្នាជាបន្តដើម្បីអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចនេះ គួរតែនៅជាអាទិភាព។

២. ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ មីយ៉ាន់ម៉ាជួយសម្របសម្រួល ដល់ដំណើរទស្សនកិច្ច លើកដំបូង ទៅកាន់មីយ៉ាន់ម៉ា របស់ប្រេសិតពិសេស របស់ប្រធានអាស៊ាន ឱ្យបានឆាប់តាមអាចធ្វើបាន។

៣. គ្រប់ភាគីទាំងអស់ នៅមីយ៉ាន់ម៉ា រួមទាំងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ គួរតែអនុវត្តការអត់ធ្មត់ ឱ្យបានខ្ពស់បំផុត បញ្ឈប់អំពើហិង្សា និងខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវបទឈប់បាញ់ មួយ សំដៅបង្កើតឱ្យមានដំណើរការនៃកិច្ចសន្ទនាមួយ សម្រាប់ដំណោះស្រាយប្រកប ដោយសន្តិវិធី។

៤. ស្នើឱ្យមានកិច្ចសហប្រតិបត្តិការពេញលេញក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ អាស៊ាន ដើម្បីនាំយកជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាទាំងអស់ដែល កំពុង ត្រូវការជំនួយចាំបាច់បំផុត៕

To Top