ភ្នំពេញ ៖ ក្នុងអំឡុងឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរដែនដី ក្រុមជំនាញបន្តធ្វើសកម្មភាព ស្តារប្រឡាយជាច្រើនខ្សែ នៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះការលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងគ្រាដ៏លំបាក ដោយសារការរីករាលដាល នៃជំងំកូវីដ១៩ យ៉ាងណាក៏ដោយ ។

ជាក់ស្ដែងដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធការងារស្តារប្រឡាយនេះ លោក ម៉ែន សុខខេន ប្រធានអង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា ប្រឡាយទឹកដែលក្រុមការងារបានស្តារក្នុងឆ្នាំ២០២១ ដែលជាឆ្នាំញាំញី ដោយជំងឺកូវីដ១៩នោះ អង្គភាពបានស្តារប្រឡាយទួលពង្រ១ ជាប្រឡាយបេតុងមានទទឹង ៨ម៉ែត្រ ជម្រៅ២ម៉ែត្រ បណ្ដោយ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូង ដល់បុរីជីបម៉ុង ។

ក្នុងនោះ មានកាត់ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រ គុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរ ប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុង ដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបុរី Green Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់ មានចំនួន៧កន្លែងផងដែរ ។
លោកប្រធានបន្តថា ប្រឡាយទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្តារភក់ល្បប់ប្រឡាយទួលពង្រ២ បានប្រវែង ៦,១០០ម៉ែត្រ។ ស្តារភក់ល្បប់ ប្រឡាយលូ៥ បានប្រវែង ៩៥០ម៉ែត្រ ដែលជាប្រឡាយគេទទួលស្គាល់ថា ជាប្រឡាយដ៏សំខាន់ ក្នុងការរំដោះទឹក ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ , ខណ្ឌសែនសុខ និងខណ្ឌមានជ័យទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក ។
ក្នុងនោះប្រឡាយស្ទឹងមានជ័យ ទាំងការងារស្តារ និងបុកស៊ីផាយបេតុងជញ្ជាំងប្រឡាយ អាចបង្ហូរទឹកហូរបានយ៉ាងល្អ ។ ការងារស្តារស្មៅ និងសំរាមប្រឡាយបឹងទំពុនប្រវែង ៥០០ម៉ែត្រ ទទឹង៣០ម៉ែត្រ ដោយប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹក ពីក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។ ការស្តារប្រឡាយបឹងត្របែកវិញ ចាប់ផ្ដើមអនុវត្តន៍ ការងារពីថ្ងៃទី១០ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២១ ក៏ត្រូវបានបញ្ចប់រួចរាល់ ៕


