ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បាននិងកំពុងជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ។

ជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន គឺពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំង សំណើសុំចូលជាសមាជិកអាស៊ាន របស់ទីម័រខាងកើត ។
សូមរំលឹកថា រដ្ឋមន្រ្តីការបរទេសទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២ ។

ដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ទីម័រខាងកើត ក្នុងការធ្វើការកាន់តែជិតស្និទ្ធ ជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ ៕
