ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់ទូតអារ៉ាប៊ីសាអូឌីតថា រាជរដ្ឋាភិបាល ចាត់ទុកអ្នកកាន់សាសានា ព្រះពុទ្ធ និងឥស្លាម ជាពលរដ្ឋខ្មែរតែមួយ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ទូតអារ៉ាប៊ីសាអូឌីត ថា រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងផ្ដល់ឱកាសឲ្យស្មើៗគ្នា ចំពោះប្រជាពលរដ្ឋនៅកម្ពុជា ដែលកាន់សាសនាព្រះពុទ្ធ និងកាន់សាសនាឥស្លាម ដោយចាត់ទុកជាពលរដ្ឋខ្មែរតែមួយ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Saud F.M. AI Suwelim ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានថ្លែងថា នៅកម្ពុជា ប្រជាពលរដ្ឋ ដែលកាន់សាសនាមូស្លីម គឺជាប្រជាពលរដ្ឋលំដាប់ទី២ បន្ទាប់ពីចំនួនប្រជាពលរដ្ឋ កាន់សាសនាព្រះពុទ្ធ ហើយជាទូទៅគឺប្រជាពលរដ្ឋខ្មែរ ទាំងអ្នកកាន់សាសនាព្រះពុទ្ធ និងកាន់សាសនាឥស្លាម គឺមានទំនាក់ទំនងជាមួយគ្នាល្អ នៅក្នុងសង្គម។

សម្ដេចមានប្រសាសន៍ថា «ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងផ្ដល់ឱកាសស្មើៗគ្នា ដល់ប្រជាពលរដ្ឋនៅកម្ពុជា ទាំងអ្នកកាន់សាសនាព្រះពុទ្ធ និងកាន់សាសនាអ៊ីស្លាម ដើម្បីទទួលបាននូវឱកាស ក្នុងសង្គមស្មើៗគ្នា ដោយមិនមានការបែងចែក ណាមួយនោះទេ គឺជាពលរដ្ឋខ្មែរតែមួយ»។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានលើកឡើងថា ប្រជាពលរដ្ឋអារ៉ាប៊ីសាអូឌីត ដែលជាអ្នកគោរពប្រតិបត្តិ នូវសាសនាឥស្លាម សុទ្ធតែជាអ្នកស្រលាញ់គាំទ្រ សុខសន្ដិភាព និងប្រឆាំងដាច់ខាត នូវរាល់អំពើជ្រុលនិយមទាំងឡាយ ដែលបង្កអសន្ដិសុខ ដល់សកលលោក។

លោក បានអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលគោរពប្រតិបត្តិនូវសាសនាឥស្លាម។ លោកទូត ចាក់ទុកថា នេះគឺជាការអនុវត្តនូវគោលការណ៍​ ប្រជាធិបតេយ្យមួយដ៏សំខាន់ ក្នុងការអនុញ្ញាត ដល់ការគោរពសិទ្ធិសេរីភាព ដល់ការគោរពប្រតិបត្តិ ទៅលើជំនឿសាសនា របស់ប្រជាពលរដ្ឋ៕​

To Top