ព័ត៌មានជាតិ

លោក សុខ ឥសាន៖ ការនិយាយថា កម្ពុជាជួលក្រុមហ៊ុនជិត ១លានដុល្លារ បញ្ចុះបញ្ចូលឲ្យអាមេរិក មានទំនាក់ទំនងល្អជាមួយខ្មែរ ឆ្លុះបញ្ចាំងពីទឹកចិត្តល្អ របស់រដ្ឋាភិបាលវិញទេ

ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងការពាររាជរដ្ឋាភិបាលកម្ពុជាថា ចំពោះអ្នកនិយាយថា រាជរដ្ឋាភិបាលបានជួលក្រុមហ៊ុន បញ្ចុះបញ្ចូលរបស់អាមេរិក ដើម្បីបញ្ចុះបញ្ចូល ឲ្យអាមេរិកមានទំនាក់ទំនងល្អជាមួយកម្ពុជា គឺបានឆ្លុះបញ្ចាំងពីកម្ពុជាមានចិត្តល្អ ជាមួយអាមេរិកវិញទេ ដោយមិនយកអាមេរិកធ្វើជាសត្រូវ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនាថ្ងៃ២៨ មករានេះ អំពីថា តើរាជរដ្ឋាភិបាលជួលក្រុមហ៊ុនអាមេរិក ឲ្យបញ្ចុះបញ្ចូលដើម្បីស្តារ ទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក ជៀសវាងការដាក់ទណ្ឌកម្មណាមួយនោះ លោក សុខ ឥសានថា លោកក៏មិនដឹងច្បាស់ដែររឿងនេះ ប៉ុន្តែលោកតបថា បើជាការពិតមែន គឺបានបញ្ជាក់ពីទឹកចិត្តល្អរបស់ រាជរដ្ឋាភិបាលកម្ពុជាជាមួយអាមេរិក ។

បើតាមលោក សុខ ឥសានដដែល បើនិយាយថា កម្ពុជាជួលក្រុមហ៊ុនអាមេរិក ដើម្បីកសាងទំនាក់ទំនងកម្ពុជា-អាមេរិក ម៉េចបានជាចោទកម្ពុជាថា ចាត់ទុកអាមេរិកជាខ្មាំងសត្រូវទៅវិញ ។

លោកបន្តថា “បើមែនបានសេចក្តីថា កម្ពុជាមានចិត្តល្អចំពោះអាមេរិកទេ មិនមែនចាត់ទុកអាមេរិកជាខ្មាំងសត្រូវទេ រហូតទៅដល់ជួលគេ ដើម្បីកែលំអរទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំង ២ហ្នឹងឲ្យមានលក្ខណៈល្អប្រសើរ វាផ្ទុយអំពីការផ្សាយរបស់វិទ្យុបរទេស មួយចំនួនដែលមួលបង្កាច់ការពិតថា កម្ពុជាចាត់ទុកអាមេរិកជាខ្មាំងសត្រូវ។ល។ មិនមែនជាការពិតទេ” ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ មានការផ្សព្វផ្សាយថា រាជរដ្ឋាភិបាលកម្ពុជាបានជួល ក្រុមហ៊ុនបញ្ចុះបញ្ចូលថ្មី របស់អាមេរិកាំងឈ្មោះថា Akin Gump ដើម្បីជួយផ្សព្វផ្សាយល្អពីកម្ពុជា ដល់អ្នកតាក់តែងច្បាប់អាមេរិក ដើម្បីធ្វើឲ្យទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ក្នុងតម្លៃ៦ម៉ឺនដុល្លារក្នុងមួយខែ ក្នុងរយៈពេលពេញមួយឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០២២ដល់ខែមករា ឆ្នាំ២០២៣ ដែលសរុបទាំងអស់ ៧២ម៉ឺនដុល្លារ ។

កាលពីដើមខែវិច្ឆិកា ចុងឆ្នាំ២០២១មកនេះ អាមេរិកបានប្រកាសដាក់ទណ្ឌកម្មផ្នែកទិដ្ឋាការ លើមន្រ្តីខ្មែរជាន់ខ្ពស់ ២រូបបន្ថែមទៀត គឺលោកនាយឧត្ដមសេនីយ៍ ចៅ ភិរុណ ជាអគ្គនាយកនៃនាយកដ្ឋានសម្ភារៈ បច្ចេកទេសនៃក្រសួងការពារជាតិ និងលោកនាយឧត្ដមនាវី ទៀ វិញ ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ពាក់ព័ន្ធនឹងគម្រោងសាងសង់ និងកែលម្អកំពង់ផែកងទ័ពជើងទឹករាមនៅក្រុងព្រះសីហនុ។ បន្ទាប់ពីដាក់ទណ្ឌកម្មលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកឧកញ៉ា ទ្រី ភាព ៕

To Top