ភ្នំពេញ ៖ ឆ្លៀតឱកាសចូលជួបសម្តែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃ២៨ មករា នេះ លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានស្នើសុំសម្តេចចូលជាសមាជិកអាស៊ាន ខណៈសម្តេចធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២២នេះ ។ ចំពោះការស្នើនេះ សម្តេចថា នឹងខិតខំប្រឹងប្រែងឲ្យបានចូលឆាប់ៗនេះ។
ការស្នើចូលជាសមាជិកអាស៊ានសម្រាប់ប្រទេសទី១១ របស់ទីម័រនេះ មិនមែនជាលើកដំបូងនោះទេ គឺមានការស្នើជាច្រើនលើកមកហើយ ។ ចំពោះសំណើររបស់ទីម័រ សម្តេចតេជោ ជារឿយៗតែងតែគាំទ្ររហូត ។
យោងតាមបណ្តាញ សង្គមហ្វេសប៊ុក សម្តេចតេជោ បានឲ្យដឹងថា “លោកជំទាវគោរព ស្នើសុំសម្តេចតេជោ បញ្ជូនអ្នកបច្ចេកទេសមកសិក្សា អំពីកម្ពុជាពាក់ព័ន្ធនឹង ការចូលខ្លួន ទៅក្នុងអង្គការ WTO , ការចូលខ្លួនទៅក្នុងសមាជិក សហគមន៍អាស៊ាន និងបានគោរពស្នើសុំសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ានជួយប្រទេសទីម័រឡេស្ត ដើម្បីបានចូលជាសមាជិក អាស៊ាន ហើយក៏បានគោរព ស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោដែរ ដើម្បីធ្វើការជំរុញកិច្ចសហប្រតិបត្តិការ នៃវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត” ។
ជាការឆ្លើយតប ចំពោះសំណើ របស់ទីម័រខាងកើត សុំចូលជាសមាជិកអាស៊ាន សម្តេចតេជោ បានមានប្រសាសន៍ថា សម្រាប់កម្ពុជាតែងតែគាំទ្រ ការចូលជាសមាជិករបស់ប្រទេសទីម័រខាងកើត ។ សម្ដេចតេជោមានប្រសាសន៍ថា កម្ពុជានឹងបន្តជំរុញ សសរស្ដម្ភសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្ម ស្វែងរកការពិតនៅទីម័រខាងកើតឲ្យបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និង រៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលា ច្បាស់លាស់ សម្រាប់ទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ៕