ភ្នំពេញ៖ ឧត្តមសេនីយ៍ឯកម៉ៅ សុផាន់ មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជួប និងជូនពរលោកផាក ហុងខ្យុង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង និងសហការីប្រចាំនៅកម្ពុជា ក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មី ដែលនឹងចូលមកដល់នៅថ្ងៃខាងមុខនេះ។
លោកឧត្តមសេនីយ៍ បានសម្តែងនូវសេចក្តីអំណរសាទរ និងជូនពរលោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង, អនុព័ន្ធយោធាព្រមទាំងសហការី និងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូណ៌ កម្លាំងមាំមួន សុភមង្គល និងសម្រេចជោគជ័យ លើគ្រប់ការងារក្នុងឆ្នាំថ្មី ដែលរដ្ឋាភិបាលប្រគល់ឲ្យ។
ក្នុងកិច្ចឆ្លើយតប លោក ផាក ហុងខ្យុង PARK Heung-kyeong បានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ម៉ៅ សុផាន់ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ មកជូនពរឆ្នាំថ្មីនាឱកាសនេះ ដោយលោកបានជឿជាក់ថា ទៅថ្ងៃអនាគតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនិងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េខាងត្បូង កាន់តែត្រូវបានពង្រឹងពង្រីកឥតឈប់ឈរ៕