ព័ត៌មានជាតិ

​អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មទីម័រខាងកើត ជួបលោក គង់ ម៉ារី ដើម្បីស្វែងយល់ពីថ្នាល CamDX

ភ្នំពេញ ៖ លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» អមដំណើរដោយលោកបណ្ឌិត តាំង ងួនលី ប្រធានមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានជួបពិភាក្សាការងារជាមួយលោក Domingos Lopes Autunes អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ។

ជំនួបនេះត្រូវបានធ្វើឡើង ក្រោយមានការស្នើសុំពីភាគីទីម័រខាងកើត ដើម្បីស្វែងយល់ពីដំណើរការការងារអភិវឌ្ឍធុរកិច្ចថ្មី និងការងារអភិវឌ្ឍថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ហៅកាត់ថា ថ្នាល CamDX របស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ។

លោកបណ្ឌិត គង់ ម៉ារី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូ និងបានណែនាំរួមពីទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលកម្ពុជាបានចេញផ្សាយនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥ កាលពីឆ្នាំ ២០២១ កន្លងទៅ ។

ចំណែកលោកបណ្ឌិត តាំង ងួនលី ប្រធានមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានក៏ធ្វើបទបង្ហាញខ្លីពីបេសកកម្មចក្ខុវិស័យ និងសកម្មភាពនានារបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» រួមទាំងលើការងារអភិវឌ្ឍ និងសម្របសម្រួលថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា និងមេរៀនដែលកម្ពុជាបានរៀនកន្លងមក បន្ទាប់ពីការដកបទពិសោធន៍ពីគំរូរដ្ឋាភិបាលឌីជីថលរបស់ប្រទេសអេស្ដូនី និងការអនុវត្តការងារកន្លងមក។

ជាមួយគ្នានេះ លោកបានលើកឡើងពីកម្មវិធីជាច្រើនដែលមជ្ឈមណ្ឌលបានរៀបចំ ក្នុងនោះរួមមាន កម្មវិធីសហគមន៍ចំនួន១១ , កម្មវិធីគាំទ្រធុរកិច្ចថ្មីចំនួន៣ , ធុរកិច្ចថ្មីចំនួន៥៨ ត្រូវបានវាយតម្លៃដើម្បីចូលរួមក្នុងកម្មវិធីគាំទ្រធុរកិច្ចថ្មី , កម្មវិធីធុរកិច្ចថ្មីចំនួន២៧ ត្រូវបានធ្វើបទបង្ហាញ (Pitch) ជាសាធារណៈ, គ្រូបង្វឹក (Mentor) ចំនួន៦៥នាក់ ផ្ដល់ការគាំទ្រផ្សេងៗក្នុងកម្មវិធីគាំទ្រធុរកិច្ចថ្មី និងធុរកិច្ចថ្មីចំនួន១១ បានឈ្នះពានរង្វាន់ ដែលសរុបជាទឹកប្រាក់ប្រមាណ ២៦៤ លានរៀល។

ពាក់ព័ន្ធនឹងថ្នាលឌីជីថល CamDX, លោកបណ្ឌិតបានលើកឡើងទៀតពីគន្លឹះសម្រាប់ការអភិវឌ្ឍថ្នាលនេះ ចំនួន៥គឺ (១) បច្ចេកវិទ្យា , (២) ហេដ្ឋារចនាសម្ព័ន្ធ , (៣) បទដ្ឋានគតិយុត្ត , (៤) ការគាំទ្រផ្នែកនយោបាយ និង (៥) ការចូលរួមពហុភាគី ទាំងវិស័យសាធារណៈ និងវិស័យឯកជន។ ទន្ទឹមនេះការចាប់ផ្ដើមតូច ប៉ុន្តែដាក់គោលដៅពង្រីក (Land and Expand) និងការសិក្សាបរិបទប្រទេសនីមួយៗឲ្យបានច្បាស់លាស់ ជាគន្លឹះបន្ថែមដែលមិន អាចខ្វះបាន។

ដោយឡែកលោក Domingos Lopes Autunes បានបញ្ជាក់ថា ទីម័រខាងកើត បាននិងកំពុងរៀបចំគម្រោងមជ្ឈមណ្ឌល Incubation ស្រដៀងគ្នា និងឯកសារគតិយុត្តជុំវិញការកសាង រដ្ឋាភិបាលឌីជីថល ។ លោកវាយតម្លៃខ្ពស់លើការងាររបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» នាពេលកន្លងមក ក្នុងការគាំទ្រ និងជ្រោមជ្រែងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល តាមរយៈការបណ្ដុះពន្លឿនធុរកិច្ចថ្មី និងការកសាងថ្នាលឃ្នាស់ឌីជីថល សម្រាប់ការអភិវឌ្ឍធុរកិច្ចថ្មីផង ដែលមានជាអាទិ៍ ថ្នាល CamDX និងការបង្កធ្វើឲ្យប្រើសើរ ឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជាផង។

គួរបញ្ជាក់ផងដែរថា នេះជាមោទកភាពជាតិដ៏គួរឲ្យស្ញប់ស្ញែងមួយដែលការងាររបស់មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ដែលជាសេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយក្លាយជាមូលដ្ឋានសម្រាប់ការផ្លាស់ប្ដូរបទពិសោធន៍ សម្រាប់ការងារស្រដៀងគ្នាទៅនឹងប្រទេសដទៃ ដូចជាសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ជាដើមនេះ៕

To Top