ភ្នំពេញ៖ វត្ថុសិល្បៈចំនួន ១០១វត្ថុ ត្រូវបានវេចខ្ចប់ដោយមន្ដ្រី និងបុគ្គលិកសារមន្ទីរជាតិ សហការជាមួយបុគ្គលិកស្ថាប័ន Museum Partner និងក្រុមហ៊ុនថូម៉ាស អស់រយៈពេល ២សប្តាហ៍ ដើម្បីយកទៅដាក់តាំងពិព័រណ៍ចល័ត ជុំវិញពិភពលោករយៈពេលវែង ដោយផ្ដើមចេញពីសហរដ្ឋអាមេរិក ក្រោមចំណងជើងថា Angkor: The Lost Empire of Cambodia ចាប់ពីឆ្នាំ២០២២ តទៅ។





យោងតាមហ្វេសប៊ុកសារមន្ទីរជាតិកម្ពុជា កាលពីថ្ងៃទី២៨ មករា បានឲ្យដឹងថា វត្ថុសិល្បៈទាំងនោះរួមមាន ៧៦វត្ថុដែលធ្វើអំពីថ្ម លោហធាតុ និងកុលាលភាជន៍ ជារបស់សារមន្ទីរជាតិផ្ទាល់។ ចំណែកវត្ថុសិល្បៈចំនួន២៥វត្ថុ ធ្វើអំពីថ្ម និងឈើ មកពីអភិរក្សដ្ឋានអង្គរ ខេត្តសៀមរាប ៕
