ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោសបុរសជាប់ចោទម្នាក់ ជាប់គុក១២ ឆ្នាំ ជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖លោកចៅក្រម ភូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២ បានប្រកាសសាលដីកា និង តម្កល់ទោស បុរសជាប់ចោទម្នាក់ ជាប់គុក កំណត់ ១២ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកនិង ជួញដូរគ្រឿងញៀន ចំនួន ១៥ កញ្ចប់ ប្រព្រឹត្តនៅ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីអំឡុង ឆ្នាំ ២០២០ ។

យោងតាមការប្រកាសសាលដីការបស់ចៅក្រម ភូស៊ុន បានអោយដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ម៉េង ចាន់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ។

ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃ ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ កាត់ទោស ដាក់គុកកំណត់ ១២ ឆ្នាំ ពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន ។ តែគាត់បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២០ នៅក្នុងឃុំ ឃុំអំពិលទឹក ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបាន ថ្នាំញៀន ប្រភេទមេតំហ្វីតាម៉ីន ចំនួន១៥កព្ចាប់ មានទម្ងន់សរុប ១២៣,៧២ ក្រាម ៕

ដោយ គា លីហ្សា

To Top