ភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីប្រជាជនចិន ថ្ងៃទី៣១ មករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានណែនាំរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា មិនត្រូវឲ្យមានភ្ញៀវទេសចរ ចូលកម្សាន្តកកកុញ លើសពីសមត្ថភាពផ្ទុកឡើយ ។
យោងតាមសារាចរណ៍ណែនាំ របស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៨ មករា បានឲ្យដឹងថា មន្ទីរទេចរណ៍រាជធានី-ខេត្ត ត្រូវជំរុញការ អនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការ ទាំងឡាយ ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួន។
ក្រសួង បន្ដថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានដាក់ឲ្យអនុវត្តដោយក្រសួងទេសចរណ៍ ទៅលើអាជីវកម្មទេសចរណ៍នានា ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាព ជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ។
ក្រសួង បញ្ជាក់ថា «ត្រូវបន្តពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ជាពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capcit) អតិបរមា ដែលអាចទទួលភ្ញៀវ បានក្នុងពេលតែមួយ អនុលោមតាមស្ដង់ដា គម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវ លើសទីចំណុះនេះជាដាច់ខាត ។ ក្នុងករណីមានការកកកុញ លើសពីសមត្ថភាពផ្ទុក មន្ទីរទេសចរណ៍ ត្រូវរាយការណ៍មកក្រសួងទេសចរណ៍ និងរដ្ឋបាលរាជធានី-ខេត្តជាបន្ទាន់ ដើម្បីមានវិធានការផ្អាក សកម្មភាពរមណីយដ្ឋាន និងគោលដៅទេសចរណ៍នោះ ជាបណ្តោះអាសន្នសិន»៕


