ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ បានចុះពិនិត្យ និងវាយតម្លៃសកម្មភាព បង្កបង្កើនផលស្រូវប្រាំងឆ្នាំ ២០២១-២០២២ និងលើកផែនការទិសដៅ សម្រាប់អនាគតដ៏ខ្លីខាងមុខ ព្រោះជាក់ស្តែងការងារ បង្កបង្កើនផល នារដូវប្រាំងពេលបច្ចុប្បន្ននេះ មានការរីកចម្រើន គួរឲ្យកត់សម្គាល់ និងមានបញ្ហាកង្វះខាតទឹក ជារៀងរាល់ឆ្នាំ ។

អមដំណើរលោករដ្ឋមន្រ្តី ចុះពិនិត្យសកម្មភាពការងារ អន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រួមមាន ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួង លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ លោកនួន គ្រឹស្នា ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប និងក្រុមការងារ ។

លោកប្រធានមន្ទីរទាំងពីរ បានជម្រាបជូនលោករដ្ឋមន្រ្តី អំពី សកម្មភាពអន្តរាគមន៍ របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ដែលកំពុងប្រើប្រាស់ ម៉ាស៊ីនបូមទឹក ចល័តខ្នាតធំ កម្លាំង ៦៥សេះ ចំនួន ០៥គ្រឿង ដើម្បីជួយស្រោចស្រពលើផ្ទៃដី ស្រូវប្រាំង ចំនួន ១០.០០០ហិកតា នៅក្នុងភូមិតាសល់ និង ភូមិផ្អាវ ស្រុកមង្គលបុរី , ក្នុងនោះមន្ទីរ បានអន្តរាគមន៍លើកទី១ នៅថ្ងៃទី ២៥-២៦ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ម៉ាស៊ីន បូមទឹកខ្នាតធំចំនួន ០២ គ្រឿង និងលើកទី២ ពីថ្ងៃទី២៧មកដល់ពេលនេះ បានបន្ថែមម៉ាស៊ីនបូមទឹកចំនួន ០៣ គ្រឿងបន្ថែមទៀត សរុប ០៥ គ្រឿង ដើម្បីបូមទឹកពីដៃស្ទឹងមង្គលបុរី ផ្នែកខាងក្រោម ទៅជួយសង្រ្គោះស្រូវប្រាំង កំពុងប្រឈម ចំនួន ៩៨៨ហិកតា ដែលនៅឆ្ងាយពីប្រភពទឹក ។

សូមបញ្ជាក់ជូនជ្រាបថា ប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ មានការពេញនិយមធ្វើស្រែប្រាំង ជាច្រើនលើកក្នុង១រដូវ ជាក់ស្តែងតាមផែនការឆ្នាំ ២០២២នេះមានចំនួនត្រឹមតែ ២២.០០០ហិកតាប៉ុណ្ណោះ តែការអនុវត្តជាក់ស្តែងឈានដល់ចំនួន ៥៣.៩០០ហិកតា ត្រូវជា ២៤៥% នៃផែនការ , ទោះបីជាក្រសួងមានការណែនាំជារឿយៗយ៉ាងណាក្តី ។

ក្រសួងធនធានទឹក និងឧតុនិយម និងបណ្តាមន្ទីរធនធានទឹក និងឧតុនិយម រាជធានី-ខេត្ត តែងតែខិតខំប្រឹងប្រែង ចុះជួយអន្តាគមន៍សង្រ្គោះដំណាំ ដល់បងប្អូនប្រជាកសិករ បើមានប្រភពទឹក ។

ចំពោះស្ថានភាពទឹក ដែលកំពុងមានក្នុងស្ទឹងមង្គលបុរី នាពេលបច្ចុប្បន្ននេះ លោករដ្ឋមន្រ្តីបានណែនាំបន្ថែម ដល់មន្ទីរធនធានទឹក ត្រូវបន្តតាមដាន និងសហការជាមួយអាជ្ញាធរដែនដី ក្នុងការជូនដំណឹងជូនប្រជាកសិករ ឲ្យបានជាប់ជាប្រចាំ ធ្វើយ៉ាងណាត្រូវប្រើប្រាស់ទឹក ដោយសន្សំសំចៃ ធានាដល់ការបង្កបង្កើនផលស្រែប្រាំង ដំណាំផ្សេងៗ និងជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ រហូតដល់រដូវវស្សាមកដល់ ៕


















