ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២បានស្តេចយាងចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
ពិធីបើកជាផ្លូវការនៃការប្រកួត កីឡាអូឡាំពិក រដូវរងាលើកទី២៤ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ៤ កុម្ភៈ ស្អែកនេះ ក្នុងទីក្រុងប៉េកាំង ។
ទីក្រុងប៉េកាំង នឹងក្លាយជាទីក្រុងដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអូឡាំពិករដូវក្ដៅនិងការប្រកួតកីឡាអូឡាំពិករដូវរងារ ក្នុងនោះអត្តពលិប្រហែល៣០០០នាក់ មកពីប្រទេសប្រហែល៩០ នឹងចូលរួមប្រកួតប្រជែងលើវិញ្ញាសាកីឡា១០៩ផ្សេងៗគ្នា ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ។
ការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាពិភពលោកបែបនេះ ពិតជានាំមកនូវមោទកភាពជូនប្រទេសម្ចាស់ផ្ទះ ប៉ុន្តែទន្ទឹមនឹងនោះ ក៏នាំមកនូវបន្ទុក និងបញ្ហាប្រឈមផងដែរ។ ការត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាដ៏ធំបែបនេះ ពិតជាមានលក្ខណៈស្មុគ្រស្មាញ និងទាមទារនូវធនធានសម្ភារៈបច្ចេកទេស ហិរញ្ញវត្ថុ និងធនធានមនុស្ស ដ៏ច្រើនសន្ធឹកសន្ធាប់។ ដោយមានធនធានគ្រប់គ្រាន់ និងបទពិសោធន៍ដែលទទួលបានពីការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅឆ្នាំ២០០៨ ព្រមជាមួយនឹងការប្ដេជ្ញាចិត្តដ៏មោះមុត ពីរដ្ឋាភិបាលចិន និងការគាំទ្រពេញទំហឹងពីសាធារណជនចិន ឃើញថា រដ្ឋាភិបាលចិនបានត្រៀមខ្លួនរួចរាល់យ៉ាងល្អ សម្រាប់ព្រឹត្តិការណ៍កីឡាពិភពលោកនេះ។ ក៏ប៉ុន្តែមុនពេលព្រឹត្តិការណ៍ប្រកួតកីឡានេះ ជិតចាប់ផ្ដើមក៏សង្កេតឃើញ ការលេចឡើងនូវបញ្ហាប្រឈមថ្មីៗសម្រាប់ ចិនផងដែរ ។
ការលេចឡើងនូវបញ្ហាប្រឈមនោះដូចជា ៖ មេរោគ កូវីដ-១៩ ប្រភេទថ្មី អូមីក្រុង ដែលបានរីករាលដាលនៅទូទាំងពិភពលោក កំពុងបង្កការគំរាមកំហែងជាថ្មី ដល់ការរៀបចំព្រឹត្តិការណ៍កីឡាពិភពលោកនេះ ក៏ប៉ុន្តែបទពិសោធន៍ ក្នុងការទប់ស្កាត់ ជំងឺកូវីដ-១៩ នាពេលកន្លងទៅ និងអត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ ក្នុងចំណោមប្រជាជនចិន នឹងជួយប្រទេសចិនជំនះ បញ្ហាប្រឈមនេះ ដោយជោគជ័យ។
បញ្ហាប្រឈមចម្បងមួយទៀត សម្រាប់ចិន គឺការធ្វើនយោបាយតូបនីយកម្ម ព្រឹត្តិការណ៍កីឡាពិភពលោកនេះ ដោយប្រទេសមួយចំនួនតូច ។ នៅមុនពេលការប្រកួតកីឡាពិភពលោកនេះចាប់ផ្ដើម សហរដ្ឋអាមេរិក បានដឹកនាំធ្វើយុទ្ធនាការពហិកាការទូតប្រឆាំង នឹងការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា នៅក្នុងប្រទេសចិន ដោយបានប្រកាសថា ខ្លួននឹងមិនបញ្ជូនមន្ត្រីជាន់ខ្ពស់ ឬគណៈប្រតិភូផ្លូវការទៅចូលរួមឡើយ។ សម្ព័ន្ធមិត្តមួយចំនួន របស់សហរដ្ឋអាមេរិក ដូចជាអង់គ្លេស កាណាដា អូស្រ្តាលី និងប្រទេសមួយចំនួនទៀត នៅទ្វីបអឺរ៉ុប ក៏បានប្រកាសចូលរួមក្នុងពហិកាការទូតនេះផងដែរ។ ស្ថានភាពសិទ្ធិមនុស្ស ជាពិសេសស្ថានភាពរបស់ជនជាតិវៃវូអឺ នៅខេត្តស៊ីនជាំង ត្រូវបានគេប្រើប្រាស់ធ្វើជា មូលហេតុគាំទ្រការធ្វើពហិកានេះ៕