ភ្នំពេញ៖ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នង ក្នុងនោះខូចខាតធ្ងន់ចំនួន ៨ខ្នងផ្ទះ និងស្រាលចំនួន ១០ខ្នងផ្ទះ ស្ថិតនៅក្នុង ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។នេះបើយោងតាមគេហទំព័រយោធភូមិភាគទី៥។

ក្រោមបញ្ជា លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំង លោក ឧត្តមសេនីយ៍ត្រី រឹទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និង លោក វរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹករងម៉ាឡៃ ដឹកនាំកម្លាំងអន្តរាគមន៍ផ្នែកសឹករងស្រុក ចុះជួយរុះរើ និងជួសជុលជូនប្រជាពលរដ្ឋឡើងវិញ ដោយសហការជាមួយកម្លាំង អាជ្ញាធរមូលដ្ឋាន រួមគ្នាជួយប្រជាពលរដ្ឋមួយចំនួនទៀត។


សូមជម្រាបថា អនុវត្តតាមបទបញ្ជារបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងការត្រៀមលក្ខណៈជាមុនដើម្បីជួយប្រជាពលរដ្ឋជួបការលំបាកផ្សេងៗ កងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត ក្រៅពីភារកិច្ចស្នូល និងប្រតិបត្តិការ បេសកកម្មទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ គឺបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងចម្រុះក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗផងដែរ៕
