ស្វាយរៀង៖ ក្មេងប្រុស២នាក់ ត្រូវជាបងប្អូនជីដូនមួយនិងគ្នា ខណៈឪពុកម្តាយទៅធ្វើការរោងចក្ររ ផ្ញើទុកនៅជាមួយជីដូនមើលថែ ជីដូនរវល់ទៅទិញម្ហូប ក៏នាំគ្នាចុះលេងទឹកស្រះក្រោយផ្ទះ លង់ទឹកស្លាប់ទាំង២នាក់ គួរអោយសង្វែក។
ករណីក្មេងលង់ទឹកស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៩.១០នាទីព្រឹកថ្ងៃទី០៣ ខែកម្ភៈ ឆ្នាំ២០២២ នៅភូមិសង្គ្រោះ ឃុំសុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានឲ្យដឹងថាក្មេងប្រុសជនរងគ្រោះ ទី១.មានឈ្មោះ រឿន ភក្ដ័ត្រា ភេទប្រុស អាយុ០៧ឆ្នាំ។ ឪពុកឈ្មោះ ចាន់ ភក្តី មុខរបរធ្វើការរោងចក្រ និងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ។
ទី២.មានឈ្មោះ ហេង រដ្ឋា ភេទប្រុស អាយុ០៦ឆ្នាំ ឪពុកឈ្មោះ សរ សំណាង មុខរបរធ្វើការរោងចក្រ និងប្រពន្ធឈ្មោះ នាង សំអូន មុខរបរធ្វើការរោងចក្រ ដែលមានទីលំនៅរួមគ្នាក្នុង ភូមិ សង្គ្រោះ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាមសាច់ញាតិ របស់កុមារងគ្រោះ បានឲ្យដឹងថា៖នៅមុនពេលកើតកុមារ ទាំង២នាក់ និងប្អូនស្រីម្នាក់ទៀតទាំងអស់៣នាក់ ហើយបាននាំគ្នាទៅលេងតាមមាត់ស្រះទឹក ដែលនៅក្រោយផ្ទះ ចម្ងាយប្រហែល ១០ ម៉ែត្រ ក៏បានចុះលេងទឹកក្នុងស្រះ២នាក់ (ក្មេងប្រុស) តែក្មេងស្រីអាយុ៣ឆ្នាំ មិនបានចុះលេងនោះទេ។
ប្រភពបានបន្តថា ក្មេងស្រីដែលមិនបានចុះលេង ឃើញបងៗលង់ទឹកក៏ស្រែយំ ធ្វើឲ្យភ្ញាក់ផ្អើលដល់ជីដូន និងចៅប្រុសជំទង់ រត់ទៅកន្លែងស្រះទឹកឃើញចៅស្រីឈរ និងឃើញស្បែកជើងរបស់ចៅប្រុសទាំង២នាក់ ក៏សង្ស័បានឲ្យចៅប្រុសជំទង់ ចុះទៅរាវរកស្រាប់តែប្រទះឃើញក្មេងម្នាក់ និងរាវបន្តឃើញម្នាក់ទៀត បណ្តាលឲ្យមានការភ្ញាក់ផ្អើល អ្នកភូមិជិតនោះមកចោមរោមមើល និងរាយការណ៍សមត្ថកិច្ច និងនាំគ្នាជួយសង្គ្រោះផងដែរ ប៉ុន្តែអកុសលក្មេងប្រុសទាំ២នាក់ បានស្លាប់បាត់បង់ជីវិតទៅហើយ។
ប្រភពបានឲ្យដឹងទៀតថា ក្រោយពីសមត្ថកិច្ចទទួលបាន ព័ត៌មានខាងលើនេះភ្លាម ក៏បានចុះមកដល់កន្លែងកើតហេតុ ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ដើម្បីពិនិត្យសាកសពបន្ទាប់ពីសមត្ថកិច្ច និងគ្រូពេទ្យពិនិត្យឃើញថា សាកសពក្មេងប្រុសទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងប្រគល់សាកសពអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយមូលហេតុ កុមារទាំង២នាក់ចុះលេងទឹកស្រះ នៅខាងក្រោយផ្ទះ ចម្ងាយប្រហែល ១០ ម៉ែត្រ ដោយឪពុកម្ដាយទៅរោងចក្រ នៅតែជីដូនរវល់ពុំបានមើល ទើបបណ្ដាលឱ្យ កុមារទាំងពីរចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ទឹកស្លាប់ ទាំង២នាក់តែម្តង៕