ព័ត៌មានជាតិ

លោក ហេង រតនា ណែនាំសមាគមជប៉ុន-កម្ពុជា កៀរគរក្រុមហ៊ុនជប៉ុន ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រកសិករ នៅតំបន់អភិវឌ្ឍន៍ដីសង្គមកិច្ច (Video)

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានណែនាំសមាគម ជប៉ុន-កម្ពុជា ជួយកៀរគរក្រុមហ៊ុនជប៉ុនចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងគាំទ្រដល់កសិករនៅតំបន់ អភិវឌ្ឍន៍ដីសង្គមកិច្ច ដើម្បីឲ្យពួកគាត់ចាប់ផ្តើមជីវិតលើដីថ្មី។ នេះយោងតាមគេហទំព័រហ្វេសប៊ុក លោក ហេង រតនា។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក TAMURA Tsutomu ជានាយកចាត់ការទូទៅនៃក្រុមហ៊ុន NIPPON KOKEI មានស្នាក់ការនៅក្រុងតូក្យូ និងជាផ្នែកនៃសមាគមន៍ជប៉ុន-កម្ពុជា នាថ្ងៃ៣ កុម្ភៈ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា បានថ្លែងថា «ខ្ញុំណែនាំឲ្យគាត់គិតគូរជួយកៀរគរ និងណែនាំក្រុមហ៊ុនជប៉ុន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងគាំទ្រដល់កសិករនៅ តំបន់អភិវឌ្ឍន៍ដីសង្គមកិច្ច ដែលរាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋគ្មានដីធ្លី ពួកគាត់ចាប់ផ្តើមជីវិតលើដីថ្មី»។

លោកបន្ដថា ដូចនេះងាយស្រួល សម្រាប់ក្រុមហ៊ុនជប៉ុន ចូលរួមវិនិយោគកសិកម្មតាមកិច្ចសន្យា ដើម្បីធានាទីផ្សារ និងបច្ចេកទេស ព្រមទាំងការវិនិយោគបែបនេះអាច ជួយពួកគាត់ឲ្យធន់ជាមួយ ការប្រែប្រួលខាងសេដ្ឋកិច្ច និងមានលំនឹងទីផ្សារ។

ទន្ទឹងនឹងនេះលោក TAMURA Tsutomu ក៏បានដឹកនាំក្រុមហ៊ុនខ្នាតតូច និងមធ្យមជប៉ុន ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ជាពិសេសដំណាំកសិកម្ម ៕

To Top