ព័ត៌មានជាតិ

ព្រះមហាក្សត្រយាងមកដល់កម្ពុជាវិញ បន្ទាប់ពីយាងចូលរួម បើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ បានយាងពីទីក្រុងប៉េកាំង ប្រទេសចិន ត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីព្រះអង្គ យាងចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ។

អញ្ជើញទៅទទួលបដិសណ្ឋាកិច្ចព្រះរាជដំណើរយាងត្រឡប់របស់ព្រះមហាក្សត្រខ្មែរ នៅព្រលានយន្តហោះអន្តរជាតិ រួមមាន ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ , លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាច្រើននាក់ផ្សេងទៀត។

សូមជម្រាបថា ចិន បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអត្តពលិកចូលរួមប្រកួតជិត ៣,០០០នាក់ មកពី ៩១ប្រទេស ដោយប្រកួតប្រជែងលើ វិញ្ញាសា ចំនួន១៥ និងមានកម្មវិធីប្រកួតចំនួន១០៩កម្មវិធី លើប្រភេទកីឡាចំនួន ៧ប្រភេទ។

ពិធីបើកព្រឹត្តិការណ៍នេះ ធ្វើឡើង ក្រោមអធិបតីភាពប្រធានាធិបតីចិន Xi Jinping និងមានការចូលរួមពីសំណាក់មេដឹកនាំលើពិភពលោកជាង ២០រូបទៀត៕

To Top