ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន គឺជាចំណុចអាទិភាព ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយ បទល្មើសធនធានធម្មជាតិ។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានឲ្យដឹងថា ទេសចរណ៍ធម្មជាតិជាផ្នែកមួយ នៃការបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើតជម្រើសថ្មី មុខរបរថ្មី និងផ្តល់ប្រាក់ចំណូល សម្រាប់សហគមន៍ តំបន់ការពារធម្មជាតិ។
លោក បញ្ជាក់ថា «ការអនុវត្តច្បាប់ជាផ្នែកមួយ នៃការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ តែជម្រើសបង្កើត សេដ្ឋកិច្ចមូលដ្ឋាន គឺជាចំណុចអាទិភាព ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយបទល្មើស ធនធានធម្មជាតិ»។

លោក រំលឹកថា កន្លងទៅ ក្រសួងបរិស្ថាន បានបង្កើតសហគមន៍ តំបន់ការពារធម្មជាតិ សហគមន៍ទេសចរណ៍ ធម្មជាតិ ព្រមទាំងផ្តល់ការគាំទ្រ ផ្នែកបច្ចេកទេស និងផ្តល់ប្រភេទពូជ សត្វ ដើម្បីពលរដ្ឋចិញ្ចឹម និងសកម្មភាពនៃការលើកកម្ពស់ និងជួយរកទីផ្សារសម្រាប់ ផលិតផលក្នុងស្រុកថែមទៀតផង ។ លោក ចាត់ទុកថា «នេះជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព»។

លោក បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងបង្កើនល្បឿនលើការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន បង្កើតការងារជូនពលរដ្ឋនៅមូលដ្ឋាន។ ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងអនុវត្តនូវទិសស្លោក «រក្សាឈើឈរ ដើម្បីរកចំណូល» ពីការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ ។ លោកថាពលរដ្ឋខ្មែរបានចូលរួមយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះក្នុងការជំរុញទេសចរណ៍ធម្មជាតិ ដែលជាផ្នែកមួយ នៃសក្តាបុពលទេសចរណ៍កម្ពុជា។

លើសពីនេះ លោករដ្ឋលេខាធិការបានឲ្យដឹងទៀតថា «សូមចូលរួមផ្តល់ដំណោះស្រាយ និងជាផ្នែកនៃដំណោះស្រាយ មិនមែនជាផ្នែកមួយ នៃការបង្កើតបញ្ហា ។ កម្ពុជាមានមោទកភាពចំពោះភាពជោគជ័យ នៃការការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហើយដោយសារតែកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញកម្ពុជា មានឱកាសពេញលេញ ក្នុងការគិតគូរពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលនៅកម្ពុជាមាន និងមានភាពកាន់តែប្រសើរឡើង»។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានគម្របព្រៃឈើចំនួន ៤៦,៨៦% ស្មើ ប្រមាណ ៨,៥លានហិកតា ក្នុងនោះផ្ទៃដី ៤១% ស្ថិតក្រោមយុត្តាធិការ របស់ក្រសួងបរិស្ថាន ការពារ និងអភិរក្សដោយបែងចែក ជាតំបន់ការពារធម្មជាតិ ចំនួន ៧២ រួមមាន ៖ ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់បេតិកភណ្ឌធម្មជាតិ៕
