ព័ត៌មានជាតិ

កម្ពុជា កំពុងស្វែងរកទីផ្សារថ្មីៗ ដើម្បីលក់ឥណទានកាបូន ដើម្បីយកថវិកា មកអភិរក្ស ធនធានធម្មជាតិ (Video)

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធនានា បាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗ ដើម្បីលក់ឥណទានកាបូន ហើយយកថវិកាទាំងនោះមកបង្កើន និងពង្រឹងការងារការពារ ព្រមទាំងអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាន ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជា បច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ៧,៣លានហិកតា ឬស្មើប្រមាណ ៤១% នៃប្រទេសកម្ពុជា នេះគឺជាមោទកភាព របស់កម្ពុជា ដែលមានផ្ទៃដីអភិរក្សធំ ហើយកម្ពុជា គឺជាប្រទេសមួយក្នុងទ្វីបអាស៊ី ដែលបានសម្រេចជោគជ័យ លើការអនុវត្តផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការ អភិរក្សជីវៈចម្រុះសកល ដោយកម្ពុជាមានផ្ទៃដី អភិរក្សធំជាង ៣ដង នៃការកំណត់ផែនការ យុទ្ធសាស្ត្រ នៃការអភិរក្សជីវៈចម្រុះសកល ដែលបានកំណត់ថា «ត្រឹមឆ្នាំ២០២០ ប្រទេសនីមួយៗ ត្រូវកំណត់តំបន់អភិរក្សដីគោក របស់ខ្លួនឲ្យបាន ១៧% នៃផ្ទៃដី» ។

លោកបន្ដថា នៅឆ្នាំ២០២២ នេះ ផ្ទៃដីអភិរក្សមានទំហំ ៧,៣លានហិកតា នៃផ្ទៃដីគម្របព្រៃឈើសរុប ដែលកម្ពុជាមាន ៨,៥លនហិកតា ស្មើនឹង ៤៦,៨៦%នៃផ្ទៃដីប្រទេសកម្ពុជា ។ ដោយសារកត្តាសុខសន្តិភាព និងការការពារ និងអភិរក្សមានភាពប្រសើរឡើង ចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗ ចាប់ពីឆ្នាំ២០១៦មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ បាននិងកំពុង ស្វះស្វែងរកទីផ្សារថ្មីៗ បន្ថែមទៀត ដើម្បីលក់ឥណទានកាបូន ដែលកម្ពុជាមាន យកថវិកាមកបង្កើន និងពង្រឹងការងារការពារ និងអភិរក្សធនធានធម្មជាតិ ដែលមាន។ នេះគឺជាមោទកភាព មួយសម្រាប់ ព្រះរាជាណាចក្រកម្ពុជា ដែលជោគជ័យ ក្នុងការលក់ឥណទានកាបូន ក្នុងទីផ្សារស្ម័គ្រចិត្ត នៅលើពិភពលោក»។

លោក បន្ថែមថា ថវិកាដែលបានពីការ លក់ឥណទានកាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធាន ធម្មជាតិ និងចូលរួមអភិវឌ្ឍ សហគមន៍នៅមូលដ្ឋាន ក្នុងនោះរួមមាន ៖ សហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាព សម្រាប់ពួកគាត់ បង្កើតមុខរបរថ្មីបម្រើ ឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំង ការបណ្តុះបណ្តាល សហគមន៍ឲ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វ ផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀត មានបន្លែបង្ការសម្រាប់ ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍ របស់ពលរដ្ឋផងដែរ ។

សូមបញ្ជាក់ថា ការលក់ឥណទានកាបូន ចំនួន ២គម្រោង បានធ្វើឡើងលើកទី១-នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២-គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង( ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ) ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងដៃគូបាន និងកំពុងបន្តរៀបចំនីតិវិធីលក់ឥណទានកាបូន នៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែង ថែមទៀត៕

To Top