សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព!
សម្ដេច ឯកឧត្តម លោកជំទាវ និងមិត្តភក្តិទាំងអស់ជាទីមេត្រី!
ខ្ញុំពិតជាមានកិត្តិយសជាខ្លាំងដែលបានចូលរួមជាមួយសម្ដេចតេជោក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងជួសជុលផ្លូវជាតិលេខ៧ដែលទទួលរងការខូចខាតដោយគ្រោះទឹកជំនន់។ ខ្ញុំសូមតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា សូមសម្ដែងអំណរសាទរយ៉ាងកក់ក្តៅចំពោះកម្មវីធីនាថ្ងៃនេះ និងសូមថ្លែងអំណរគុណដោយស្មោះជូនចំពោះក្រុមការងារបច្ចេកទេសការដ្ឋានទាំងចិននិងកម្ពុជាដែលបានខិតខំប្រឹងប្រែងជំរុញឱ្យគម្រោងមួយនេះទទួលបានជោគជ័យជាស្ថាពរ! តាមទំនៀមទម្លាប់ប្រពៃណីចិន ថ្ងៃនេះក៏ស្ថិតក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំខាលដែរ ខ្ញុំសូមឆ្លៀតឱកាសនាថ្ងៃនេះសូមជូនពរអ្នកទាំងអស់គ្នា ឆ្នាំថ្មីសិរីសួស្តីជ័យមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច!
ផ្លូវជាតិលេខ៧ គឺជាគម្រោងជំនួយរបស់ភាគីចិនដែលចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០០៤ ហើយក៏ជាគម្រោងជំនួយទ្រង់ទ្រាយធំបំផុតរបស់ចិននាពេលនោះផងដែរ។ អាចនិយាយបានថា វាមិនត្រឹមតែជាគម្រោងដ៏សំខាន់មួយសម្រាប់ជំនួយភាគីចិនជូនចំពោះភាគីកម្ពុជាប៉ុណ្ណោះទេ ក៏ជាគម្រោងដែលមានលក្ខណៈពិសេសមួយក្នុងប្រវត្តិសាស្ត្រនៃជំនួយរបស់ចិនជូនចំពោះប្រទេសលើសកលលោកនាពេលនោះផងដែរ។ ក្រោយផ្លូវជាតិលេខ៧នេះសាងសង់រួច បានក្លាយជាផ្លូវជាតិដែលអាចធ្វើចរាចរណ៍ក្នុងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់និងមមាញឹកខ្លាំង។ ក្រោយមកផ្លូវជាតិមួយនេះក៏ទទួលរងការខូចខាតដោយគ្រោះទឹកជំនន់ចំនួនពីរលើកកាលពីរដូវវស្សាក្នុងឆ្នាំ២០១១និង២០១៣ ដែលធ្វើឱ្យផ្លូវមួយនេះទទួលរងការខូចខាតជាច្រើនកន្លែង ហើយរដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងជាថវិកាម្តងទៀតដល់ភាគីកម្ពុជាក្នុងការជួសជុលផ្លូវមួយនេះ ហើយក៏បានកែលម្អក្លាយជាផ្លូវស្តង់ដារពេញលេញ បានកែលម្អប្រព័ន្ធរបង្ហូរទឹកនិងបរិក្ខារសុវត្ថិភាពសម្រាប់ចរាចរណ៍ ដែលធ្វើឱ្យការធ្វើដំណើរចរាចរណ៍មានភាពងាយស្រួល និងជួយលើកកម្ពស់សមត្ថភាពចរាចរណ៍និងអាយុកាលនៃផ្លូវមួយនេះផងដែរ។ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅតំបន់ប៉ែកឦសាននៃប្រទេសកម្ពុជាយ៉ាងមានប្រសិទ្ធភាព។ រីឯការដាក់ឱ្យប្រើប្រាស់គឺជាកំណាត់ផ្លូវខាងត្បូង រដ្ឋាភិបាលចិននឹងពិចារណាបន្តជួយជួសជុលកំណាត់ផ្លូវខាងជើង និងបន្តផ្តល់ជំនួយដល់ការសាងសង់បណ្ដាវិស័យក្នុងប្រទេសកម្ពុជាតាមលទ្ធភាពរបស់ខ្លួន។ អាចនិយាយបានថា ផ្លូវលេខ៧មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ពីភាពចាស់ទុំសម្រាប់ជំនួយរបស់ចិនមកកាន់កម្ពុជាក្នុងរយៈពេល២០ឆ្នាំចុងក្រោយប៉ុណ្ណោះទេ ក៏ជាសក្ខីភាពក្នុងការអភិវឌ្ឍន៍ចំណងមិត្តភាពរវាងចិន-កម្ពុជានិងសហគមវាសនារួមរវាងចិន-កម្ពុជាកាន់តែស៊ីជម្រៅមួយកម្រិតទៀត។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានដំណឹងល្អៗជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបន្លឺឡើងជាបន្តបន្ទាប់។ ខ្ញុំពិតជាមានមហាកិត្តិយសដែលបានចូលរួមកម្មវិធីជាច្រើនជាមួយសម្ដេចតេជោមានដូចជា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ, ពិធីបើការដ្ឋានសាងសង់ផ្លូវជាតិលេខ 71Cនិងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ។ ខែក្រោយ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈនិងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនឹងប្រគល់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ប៉ុន្មានខែទៀត ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលវិនិយោគដោយក្រុមហ៊ុនចិននឹងត្រូវបញ្ចប់ដាក់ប្រើប្រាស់ ពេលនោះកម្ពុជានឹងមានផ្លូវល្បឿនលឿនដំបូងគេនៅក្នុងប្រទេស។
កម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស រីឯចំណងមិត្តភាពរវាងប្រជាជនទាំងពីរប្រទេសកាន់តែជិតស្និត។ ភាគីចិនរីករាយជាខ្លាំងដែលបានក្លាយជាអ្នកគាំទ្រនិងជាអ្នករួមដំណើរលើវិថីនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា និងជាមិត្តជិតស្និទ្ធបងប្អូនដែកថែបជាមួយកម្ពុជាដែលស្គាល់គ្នាទៅវិញទៅមក។ កាលពីប៉ុន្មានថ្ងៃមុន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យស្ដេចយាងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាប៉េកាំង ដែលនេះបានឆ្លុះបញ្ចាំងពីការគាំទ្រនិងចំណងមិត្តភាពដ៏ជ្រាលជ្រៅបំផុតរបស់ព្រះរាជវង្សានុវង្ស រដ្ឋាភិបាល និងប្រជាជនកម្ពុជាជូនចំពោះប្រទេសចិន ក៏ជាការបដិសេធយ៉ាងល្អបំផុតទៅកាន់ប្រទេសមួយចំនួនដែលបានចោទប្រកាន់មិនពិតមកលើចិន។
តាមចន្ទគតិចិន ឥឡូវបានឈានចូលដល់ឆ្នាំខាល។ ខ្លាមានអត្ថន័យល្អនៅក្នុងវប្បធម៌ប្រពៃណីចិន។ ខ្ញុំជឿថា ក្នុងឆ្នាំថ្មីនេះ ការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជានឹងទទួលបានការអភិវឌ្ឍន៍និងមានភាពរីកចម្រើនលឿនដូចខ្លា ហើយដើមឈើមិត្តភាពចិន-កម្ពុជានឹងបែកមែនសាខាលាស់ស្លឹកល្អនិងផ្លែផ្កាច្រើនសន្ធឹកសន្ធាប់!
ជាចុងក្រោយនេះ ខ្ញុំសូមជូនពរកម្ពុជារីកចម្រើនរុងរឿងប្រជាជនសុខក្សេមក្សាន្ត! សូមជូនពរចំណងមិត្តភាពរវាងចិននិងកម្ពុជាឋិតថេរជាអមតៈ! សូមគោរពជូនពរសម្ដេចតេជោនិងមិត្តភក្តិទាំងអស់គ្នាមានសុខភាពល្អបរិបូរណ៌និងទទួលជោគជ័យគ្រប់ភារកិច្ច!
សូមអរគុណ!