ភ្នំពេញ៖ ថ្មីៗនេះ រដ្ឋាភិបាលជប៉ុន បានបន្តបញ្ចេញទឹកប្រាក់ចំនួន ២២០.០០០ដុល្លារ ជាវិភាគទានរបស់ខ្លួន ដើម្បីផ្ដល់ជូនភាគី អង្គការសហប្រជាជាតិ នៃថវិកាអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៧ កុម្ភៈ បានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តផ្តល់វិភាគទាននេះ ដើម្បីទ្រទ្រង់ដំណើរការ របស់សាលាក្ដីខ្មែរក្រហម» ។
រដ្ឋាភិបាលជប៉ុនផ្ដល់ សារៈសំខាន់ទៅលើសាលាក្ដីខ្មែរក្រហម ដោយផ្អែកលើទស្សនៈ ចំនួន៣ រួមមាន ៖ ទី១- ការកាត់ក្តីខ្មែរក្រហម គឺជាដំណាក់កាលបញ្ចប់នៃ ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ដើម្បីបង្ការទប់ស្កាត់ការកើតមានឡើងវិញ នៃអំពើឃោឃៅ ដែលបានប្រព្រឹត្តឡើងនៅក្នុងសម័យខ្មែរក្រហម , ទី២-សាលាក្ដីខ្មែរក្រហមនេះ នឹងជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម ដែលប្រការនេះ នឹងរួមចំណែកដល់ការផ្សះផ្សាជាតិឡើងវិញ និងទី៣-សាលាក្តីនេះ នឹងរួមចំណែកដល់ការពង្រឹង នីតិរដ្ឋនៅកម្ពុជា ក៏ដូចជានៅសហគមន៍អន្តរជាតិផងដែរ។
រដ្ឋាភិបាលជប៉ុន បាននិងកំពុងជួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា តាំងពីដើមដំបូងរៀងមក ហើយគិតត្រឹមថ្ងៃនេះ ជំនួយហិរញ្ញវត្ថុពីប្រទេសជប៉ុន សម្រាប់តុលាការនេះ ចំនួន ៨៨,៧លានដុល្លារ ដោយគិតរួមទាំងការបញ្ចេញថវិកាលើកនេះ ដែលប្រហាក់ប្រហែលនឹង ២៧%នៃថវិកាសរុបផ្តល់ដោយ ប្រទេសផ្តល់ជំនួយជូនភាគីជាតិ និងភាគីអង្គការសហប្រជាជាតិនៃ អ.វ.ត.ក។
លើសពីនេះទៅទៀត ជប៉ុន រួមជាមួយប្រទេសបារាំង ក្នុងឋានៈជាសហប្រធាននៃមិត្តរបស់ អ.វ.ត.ក បានតាមដានដំណើរការ របស់តុលាការនេះយ៉ាងសកម្ម ៕