ព័ត៌មានជាតិ

អាជ្ញាធរស្រុកខ្សាច់កណ្ដាល ទុកពេល១៥ថ្ងៃ ឲ្យពលរដ្ឋរុះរើសំណង់សង់ រំលោភផ្លូវជាតិលេខ៨ ដើម្បីពង្រីកផ្លូវថែមទៀត

កណ្ដាល ៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល បានទុកពេលឲ្យ១៥ថ្ងៃ សម្រាប់ប្រជាពលរដ្ឋរស់នៅ តាមផ្លូវជាតិលេខ៨ ចាប់ពីរង្វង់មូលស្ពានព្រែក តាមាក់ ដល់ស្ពានព្រែករូងទី១ ក្នុងឃុំព្រែកតាមាក់ ស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល ក្នុងការរុះរើសំណង់នានា ដែលបានសាងសង់ រំលោភលើដីចំណីផ្លូវ សាធារណៈ ព្រោះក្រុមការងារ នឹងធ្វើការពង្រីកផ្លូវ ក្នុងពេលឆាប់ៗនេះ ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាល ស្រុកខ្សាច់កណ្ដាលនាថ្ងៃទី៧ កុម្ភៈ បានឲ្យដឹងថា ក្រុមការងារស្ថាបនាផ្លូវនឹងធ្វើការឈូសឆាយ កាយដីពង្រីកសង្ខាងកំណាត់ផ្លូវលេខ៨ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ ដល់ស្ពានព្រែករូងទី១ ក្នុងពេលឆាប់ៗខាងមុខ ដើម្បីរៀបចំកែលម្អសោភណ្ឌភាព សណ្ដាប់ធ្នាប់ កាត់បន្ថយការកកស្ទះ និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ដើម្បីការងារស្ថាបនាផ្លូវ សម្រេចបានជោគជ័យ រដ្ឋបាលស្រុកខ្សាច់កណ្ដាលបញ្ជាក់ថា «ស្នើប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ផ្តល់កិច្ចសហការ ជាមួយអាជ្ញាធរ និងក្រុមស្ថាបនាផ្លូវ ដោយធ្វើការរុះរើសំណង់នានា ដែលបានសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ចាប់ពីរង្វង់មូលស្ពានព្រែកតាមាក់ រហូតដល់ស្ពានព្រែករូងទី១ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងរក្សាគម្លាតចម្ងាយពីអ័ក្ស១៣ម៉ែត្រសង្ខាង ស្មើនឹង២៦ម៉ែត្រ (ជំហានទី១) ក្នុងរយៈពេល១៥ថ្ងៃ» ។

រដ្ឋបាលស្រុកខ្សាច់កណ្ដាលបន្ដថា ជំហានបន្តបន្ទាប់ អាជ្ញាធរ និងក្រុមស្ថាបនាផ្លូវអាចនឹងសាងសង់ពង្រីកបន្ថែម គិតចាប់ពីអ័ក្ស៣០ម៉ែត្រសង្ខាង ស្មើនឹង៦០ម៉ែត្រ ។

រដ្ឋបាលស្រុកបញ្ជាក់ថា ក្នុងករណីមិនអនុវត្តតាមនឹងអនុវត្តតាមច្បាប់ ស្តីពីផ្លូវថ្នល់ អនុក្រឹត ស្តីពីការគ្រប់គ្រងចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើងនៃកម្ពុជា និងលិខិតបទដ្ឋានពាក់ព័ន្ធ ព្រមទាំងចាត់វិធានការរដ្ឋបាលចុះរុះរើ ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ។ ករណីមានការរារាំង រឹងរូសអាជ្ញាធរ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ចំពោះការចំណាយក្នុងការអនុវត្តការងាររុះរើ ជាបន្ទុករបស់ម្ចាស់ទីតាំងទទួលខុសត្រូវទាំង ស្រុង ៕

To Top