ព័ត៌មានជាតិ

ជម្រះយុវជនជាប់ចោទ ២នាក់ ពាក់ព័ន្ធនឹងការជួញដូរ គ្រឿងញៀន១៣ កញ្ចប់ នៅខេត្តស្វាយរៀង

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ២នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ចំនួន ១៣ កញ្ចប់ ប្រព្រឹត្តនៅសង្កាត់ស្វាយតឿ ស្រុកកំពង់រោទិ៍ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ចន្លោះ ឆ្នាំ ២០១៨ និង ២០២០ ។

លោក សួស សំអាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បាបថ្លែងអោយដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទ២នាក់ ខាងលើនេះ មានឈ្មោះ ស ផា ហៅ កែវ អាយុ ២៩ ឆ្នាំ មុខរបរ ធ្វើការរោងចក្រ ។ និង ម្នាក់ទៀត មានឈ្មោះ ព្រាប សាមាន ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរជាងដែក ។
នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តស្វាយរៀង កាលថ្ងៃ ទី ១៤ ខែ មករា ឆ្នាំ ២០២១ បានកាត់ទោស ឈ្មោះ ស ផា ហៅ កែវ ដាក់គុក កំណត់ ១០ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន២០លានរៀល ។ ចំណែកឯ ជនជាប់ចោទ ឈ្មោះ ព្រាប សាមាន ត្រូវជាប់គុកកំណត់ ៤ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៤ លានរៀល សម្រាប់ដាក់ចូលថវិការដ្ឋ ក្រោមការចោទ ប្រកាន់ ពីបទ: ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញាតិ មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០២០ នៅក្នុងសង្កាត់សង្កាត់ ស្វាយតឿ ស្រុកកំពង់រោទិ៍ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

សមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀនចំនួន ១៣កព្ចាប់ មានទម្ងន់សរុប ៦៨,៩៣ ក្រាម។

នាពេលសវនាការ, ជនជាប់ចោទទាំង២នាក់ ដែលមានវត្តមាននៅក្នុង បន្ទប់សវនាការ បានឆ្លើយសារភាពថា ពួកគេ ពិតជាបានប្រព្រឹត្តដូចការចោទប្រការមែន ។

ពួកគេ បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះតុលាការឧទ្ធរណ៍ មេត្តាករុណា បន្ធូរបន្ថយទោស ដល់ពួកគេ ក្នុងម្នាក់ៗ ចំនួន ពាក់កណ្ដាល នៃ ទោស ដើម្បីឆាប់បានវិលត្រឡប់ ជួបជុំគ្រួសារវិញ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទ ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២៕ ដោយ: លីហ្សា

To Top