ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកាត់បន្ថយការជួបជុំ ផឹកស៊ី ឬកម្សាន្តសប្បាយ ជាដើម កុំឲ្យកូវីដ-១៩ ឆ្លងរីកសាយភាយចេញពីរាជធានីភ្នំពេញ ទៅបណ្តាខេត្តនានារបស់ប្រទេសកម្ពុជា។
តាមរយៈសារសំឡេង នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី៨ កុម្ភៈ នេះ នៅកម្ពុជាមានអ្នកជំងឺកូវីដ-១៩ លើស២០០ករណី ខណៈពេលមុននៅកម្ពុជាមានឆ្លងត្រឹមតែ ១ខ្ទង់ ឬ២ខ្ទង់។ ដូច្នេះក្នុងស្ថានភាពបែបនេះ តម្រូវឲ្យមានវិធានការសុខាភិបាលជាបន្ទាន់។
សម្ដេច បានថ្លែងថា «ខុំ សូមអំពាវនាវចំពោះបងប្អូនជនរួមជាតិ សូមមេត្តាយកចិត្តទុកដាក់ទៅលើកិច្ចការពារខ្លួនជាចាំបាច់ ក្នុងនោះ ទាក់ទងទៅនឹងការជួបជុំ ឬការប្រមូលផ្ដុំ ក៏ដូចជា វិធីទាំងឡាយដែលយើងបានអនុវត្តរួចទៅហើយ គឺ ៣កុំ និង ៣ការពារ។ ប្រសិនបើយើងម្នាក់ៗ អនុវត្តបានដូច្នេះ ជំងឺនេះមិនឆ្លងរីករាលដាលធ្ងន់ធ្ងរយ៉ាងដូច្នេះផងដែរ»។
សម្ដេច បន្ដថា បន្ទាប់ពីចូលឆ្នាំ ចិន-វៀតណាម រួចមក បានសង្កេតឃើញថា កម្ពុជា ថៃ វៀតណាម និងបណ្ដាប្រទេសអាស៊ានដទៃទៀត មានការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩។
សម្ដេច បញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវចំពោះប្រជាពលរដ្ឋ សូមមេត្តាកាត់បន្ថយការជួបជុំ ផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាពសម្រាប់ការពារនូវការឆ្លង។ បើទោះពីមេរោគនៅកម្ពុជា ពុំមានករណី ដែលតា និងអាល់ហ្វា ដែលជាជំងឺដ៏កាចសាហាវ ឆកយកជីវិតប្រជាជននោះ ក៏ដោយចុះ ជំងឺមេរោគអូមីក្រុង បានមកជំនួសជាមួយនឹងជំងឺ ដែលតា និងអាល់ហ្វា។ ទោះបីជំងឺនេះស្រាល បើព្រៀបធៀបជាមួយ ដែលតា និងអាល់ហ្វា ប៉ុន្ដែប្រសិនបើការឆ្លងនេះ នៅតែកើនឡើងខ្ពស់ វានឹងនាំគ្រោះថ្នាក់ ដែលអាចសាយភាពចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត»។
សម្ដេច បន្ថែមថា ខេត្តមួយចំនួនរបស់កម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ-១៩ នោះទេ ប៉ុន្ដែរាជធានីភ្នំពេញ មានចំនួនឆ្លងច្រើនទៅវិញ។ ដូច្នេះអាជ្ញាធរ ត្រូវពង្រឹងវិធានការសុខាភិបាលនៅកន្លែងធ្វើអាជីវកម្ម ពិធីសាសនា អាពាហ៍ពិពាហ៍ ក្លឹប ឬកន្លែងសប្បាយផ្សេងៗទៀត។ សម្តេច ថា ការធ្វើនេះ មិនមែនជាការដើរថយក្រោយនោះទេ គឺដើម្បីទប់ស្កាត់មហន្តរាយកើតឡើងជាយថាហេតុ។
សម្ដេច បញ្ជាក់ទៀតថា «អូមីក្រុង កំពុងតែរីករាលដាលទីក្រុងភ្នំពេញយ៉ាងច្រើន ប្រសិនបើយើងមិនប្រយ័ត្នអូមីក្រុង នឹងរាយទូទាំងប្រទេស ដូចដែលយើងធ្លាប់ជួប្រទះនៅប្រភេទជំងឺ ដែលតា និងអាល់ហ្វា ដូចគ្នា។ ខ្ញុំ អំពាវនាវដល់គ្រប់កន្លែងទាំងអស់ ត្រូវពិនិត្យឲ្យបានម៉ឹតចត់ នៅបញ្ហាអនុវត្ត ៣ កុំ ៣ពារការ»។ ហើយចៀសវាងនូវការជួបជុំណាដែលមានចរិតជាការឆ្លង»។
លើសពីនេះទៀត សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង កូវីដ-១៩ ទី១ ទី២ ឬទី៣ បានឲ្យគ្រប់គ្នា ដើម្បីកាត់បន្ថយការស្លាប់ដោយសារជំងឺកូវីដ-១៩៕