ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ដំណើរការយន្តការ ទទួលមតិពីអ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានសំដៅ ធ្វើឱ្យប្រសើរឡើង នូវបទពិសោធន៍ប្រើប្រាស់ និង ពង្រឹងសេវាចុះបញ្ជីអាជីវកម្ម ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១ ត្រូវបានដាក់ឱ្យដំណើរការជា ផ្លូវការ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ ហើយគ្របដណ្តប់លើការចុះបញ្ជី ជាកញ្ចប់ដែលរួមមាន ការ ចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ របស់អគ្គនាយកដ្ឋានពន្ធដារ និងការផ្តល់ សេចក្ដីប្រកាសជូនដំណឹង បើកសហគ្រាស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងរយៈពេល ប្រមាណ ១ ឆ្នាំ ៧ ខែកន្លងទៅ, ចំនួនពាក្យស្នើសុំចុះបញ្ជី ដែលបានអនុម័តមានចំនួន ១១ ០៧៧ សំណើ។
ស្របតាមយន្តការគាំទ្រ និងសម្របសម្រួល សំដៅធ្វើឱ្យប្រសើរឡើង នូវបទពិសោធន៍ប្រើប្រាស់ និង ពង្រឹងសេវាចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, មុខងារថ្មី “យន្តការទទួលមតិ” ត្រូវបានអភិវឌ្ឍ ឡើង និងដាក់ឱ្យដំណើរការ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ។ មុខងារនេះ នឹងអនុញ្ញាតឱ្យ ធុរជន និងអ្នកប្រើប្រាស់ អាចបញ្ចេញនូវមតិស្ថាបនា ឬរាយការណ៍ស្តីពីបញ្ហាជាក់លាក់ លើករណីពាក្យស្នើសុំណាមួយ ។
សូមលោកអ្នកចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh ដើម្បីប្រើប្រាស់យន្តការទទួលមតិ និងចូលទៅក្នុងថ្នាលចុះបញ្ជី ដោយប្រើប្រាស់គណនី CamDigiKey រួចចូលទៅកាន់ “ផ្តល់មតិ” ដើម្បីបំពេញទម្រង់នៃការផ្ដល់មតិ។ រាល់មតិដែលទទួលបាន នឹងជាធាតុចូលដ៏សំខាន់ ក្នុងន័យអនុញ្ញាតឱ្យ ក្រុមការងារមានលទ្ធភាពក្នុងការគាំទ្រ កែសម្រួល និងបន្តការអភិវឌ្ឍប្រព័ន្ធចុះបញ្ជី អាជីវកម្មតាមថ្នាលបច្ចេក វិទ្យាព័ត៌មាន ឱ្យកាន់តែមានភាពងាយស្រួល និងប្រកបដោយប្រសិទ្ធភាព៕