ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យារពេលសវនាការ លើសំណុំរឿងក្តីរបស់ លោក កឹម សុខា នៅថ្ងៃពុធទី ៩ ខែ កុម្ភះ នេះ ទៅធ្វើ នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២២ សប្តាហ៍ក្រោយវិញ ដោយសារតែសមាជិកក្រុមមេធាវីរដ្ឋាភិបាលម្នាក់ ឈ្មោះ ចេង ប៉េងហាប់ មានវិជ្ជមានកូវីដ-១៩។
យោងតាមពាក្យសុំពន្យាររបស់លោកមេធាវី សាន់ ជួយ តំណាងឱ្យក្រុមមេធាវីរដ្ឋាភិបាល បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២២ លោកមេធាវី ចេង ប៉េងហាប់ ជាសមាជិកក្រុមមេធាវីតំណាងដោយ អាណត្តិឱ្យដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងនេះ បានធ្វើតេស្តពិនិត្យសុខភាព និងបានរកឃើញមានវិជ្ជមាន ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្រះកេតុមាលា។
លោកមេធាវី សាន់ ជួយ សរសេរថា អំឡុងពេលនោះ ក្រុមមេធាវីតំណាង ដោយអាណត្តិឱ្យដើមបណ្ដឹងរដ្ឋប្បវេណី ធ្លាប់បានជួបជុំនិងពិនិត្យឯកសារ ជាមួយលោកមេធាវី ចេង ប៉េងហាប់។
ចំពោះករណីនេះ លោកមេធាវី សាន់ ជួយ ស្នើសុំជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ពន្យារពេលសវនាការ ដែលគ្រោងធ្វើនៅថ្ងៃទី៩ ខែកុម្ភៈ ស្អែកនេះ ទៅសប្ដាហ៍ក្រោយវិញ ដើម្បីការពារនិងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈក្រុមមេធាវីដើមបណ្ដឹងផ្សេងទៀត ដែលពាក់ព័ន្ធជាមួយមេធាវី ចេង ប៉េងហាប់ កំពុងធ្វើចត្តាឡីស័កផងដែរ។
យោងតាមឯកសាររបស់តុលាការ បានអោយដឹងថា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ កឹម សុខា ភេទប្រុស អាយុ ៦៧ ឆ្នាំ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ« សន្និដ្ឋិភាពជាមួយបរទេស» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
យោងតាមបទចោទប្រកាន់នេះ ប្រសិនបើ តុលាការរកឃើញពីពិរុទ្ធភាព លោកសុខា អាចប្រឈមនឹងការជាប់ពន្ធនាគារ ចន្លោះពី ១៥ ទៅ៣០ ឆ្នាំ។
ជនជាប់ចោទ ឈ្មោះ កឹម សុខា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕
ដោយ: លីហ្សា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
