ព័ត៌មានជាតិ

ក្រសួងវប្បធម៌៖ ឪពុកម្តាយមានតួនាទីសំខាន់ ណែនាំកូនចៅ កុំឲ្យដើរខុសវប្បធម៌ប្រពៃណី ក្នុងថ្ងៃបុណ្យសេចក្តីស្រលាញ់

ភ្នំពេញ ៖ ស្របពេលដែលថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដែលជាវប្បធម៌បរទេស កាន់តែខិតជិតមកដល់ ក្នុងនោះក៏មានយុវជនមួយចំនួនតូច នៅតែភាន់ច្រឡំថា ថ្ងៃ១៤កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ដែលអាចធ្វើឲ្យពួកគេដើរហួសវប្បធម៌ប្រពៃណីខ្មែរផងដែរ។

ជុំវិញបញ្ហាខាងលើនេះ ត្រូវបានលោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកទឹកចិត្តឲ្យមានសកម្មភាព សេចក្តីស្រលាញ់ ផ្តល់ទៅកាន់មនុស្សទន់ខ្សោយ ឬអ្នកមានគុណ ជាពិសេសជួយដល់កុមារកំព្រា និងជនពិការ ។
លោកសង្កត់ធ្ងន់ថា ឪពុកម្តាយ មានតួនាទីសំខាន់ណាស់ ក្នុងការណែនាំកូនចៅ កុំឲ្យដើរខុសវប្បធម៌ ប្រពៃណី ក្នុងថ្ងៃបុណ្យសេចក្តីស្រលាញ់នេះ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ បានមានប្រសាសន៍ថា« យើងតែងតែមានសេចក្តីអំពាវនាវ កុំឲ្យគាត់យល់ទៅតាមអ្វី ដែលជាវប្បធម៌គេ ប្រទេសគេ យកមកប្រើប្រាស់ថាជាបុណ្យសង្សារ ធ្វើឲ្យវាប៉ះពាល់ ទៅដល់វប្បធម៌ ប្រពៃណីសង្គមរបស់យើង ដែលជាចំណុចសំខាន់ ណែនាំដូចរាល់ឆ្នាំ ។ ធម្មតាកាដូអ្វីនេះ យើងមិនអាចឃាត់គ្នាទេ អាហ្នឹងទឹកចិត្ត តែយើងអោយយល់ថា បុណ្យនៃសេចក្តីស្រលាញ់នេះ សូមឲ្យផ្តល់ទៅមនុស្សទន់ខ្សោយ ឬអ្នកមានគុណរបស់យើង ។ លើសពីនេះ គួរឲ្យទៅកុមារកំព្រា ដូចជាជនពិការ ពេលនេះយើងអំពាវនាវ ឲ្យមានធ្វើសកម្មភាព ទៅបែបនេះវិញ ហើយកិច្ចការនេះ មានជាប់ពាក់ព័ន្ធ នឹងក្រសួងផ្សេងៗជាច្រើនទៀតផងដែរ»។

លោកបានលើកឡើងថា សម្រាប់ពលរដ្ឋ ដែលបានយល់ជ្រាបពីថ្ងៃ១៤កុម្ភៈ ដែលជាថ្ងៃនៃសេចក្តីស្រលាញ់ ភាគច្រើនគេបានជួយដល់អង្គការ កុមារ ជនពិការ ធ្វើជាសកម្មភាពសប្បុរសធម៌ ដើម្បីបង្ហាញពីចិត្ត នៃសេចក្តីស្រលាញ់ និងសង្កេតឃើញថា សកម្មភាពទាំងនេះ មានភាពល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។

លោកបានឲ្យដឹងថា កន្លងមកប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋជាពិសេសយុវវ័យមានការយល់ដឹងច្រើន ដោយពួកគាត់បង្វែរការស្រលាញ់នេះ ទៅជាស្រលាញ់គ្រួសារ ស្រលាញ់ឪពុកម្តាយ ស្រលាញ់ទៅដល់ជន ដែលទន់ខ្សោយ នេះជាទស្សនៈរួមធំ ។

លោកបានសង្គត់ធ្ងន់ថា« យើងតែងអំពាវនាវ មិនត្រឹមតែយុវជន យើងអោយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាកត្តាសំខាន់ ឪពុកម្តាយនេះ តែម្តង ។ ឪពុកម្តាយនេះ តែម្តង ផ្តល់ជាឱវាទ ជាដំបូន្មាន ឃាត់កូនទៅ យើងណែនាំកូនទៅ ហើយបង្វែរកិច្ចការនេះ អោយទៅជាកិច្ចការអប់រំ ជាការយល់ដឹង ធ្វើយ៉ាងម៉េចឲ្យទៅជាប្រយោជន៍សង្គមវិញ ។ តួរនាទីរបស់ឪពុកម្តាយ នៅក្នុងគ្រួសារ ជារឿងសំខាន់ ក្នុងការផ្តល់ឱវាទ ឬមួយផ្តល់ជាដំបូន្មាន ដល់កូនចៅ ធ្វើឲ្យគាត់យល់ទៅលើអ្វី ដែលជាវប្បធម៌ ដែលធ្វើឲ្យខាតបង់ អ្វីដែលធ្វើឲ្យវប្បធម៌រីកចម្រើន ទាំងអស់នេះ តួរនាទីគ្រួសារ ក៏សំខាន់ដែរ”៕

To Top