ព័ត៌មានជាតិ

ឆ្នាំ២០២១ មន្ទីរពេទ្យគន្ធបុប្ឆា ទទួលពិនិត្យ និងព្យាបាលជំងឺកុមារជិត៤០ម៉ឺននាក់ (Video)

ភ្នំពេញ៖ កាលពីឆ្នាំ២០២១ មន្ទីរពេទ្យគន្ធបុប្ឆា បានទទួលសេវាពិនិត្យ និងសម្រាកព្យាបាលជំងឺកុមារជិត ៤០ម៉ឺននាក់ នៅ៥ទីតាំង ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ ពីតំណាងមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ ថា «ចំនួនអ្នកជំងឺជាកុមារមកពិគ្រោះ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅមាន ចំនួន ៣៨៥ ៥១៩នាក់ និង អ្នកជំងឺកុមារចូលមកសម្រាក ព្យាបាលក្នុងមន្ទីពេទ្យមាន ចំនួន ៨០ ៦៧២ នាក់»។

ចំណែកស្រ្តីមានផ្ទៃពោះ បានមកពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅសម្ភព (មន្ទីរពេទ្យជ័យវរ្ម័នទី ៧) ចំនួន ៦២ ៥៣៩ នាក់ ។ ស្រ្តីមានផ្ទៃព្រោះបានសម្រាក និងសម្រាលកូន ១៩ ៥០៦ នាក់, ស្រ្តីមកសម្រាកព្យាបាលជំងឺកូវីដ-១៩ចំនួន ២ ៩០០ នាក់, ជំងឺគ្រុនឈាមធ្ងន់ធ្ងរ ៦៧០ នាក់ និងវះកាត់សរុប ២៣ ៨៥៥ នាក់ ។

លើសពីនេះ ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលនៃជំងឺកូវីដ-១៩ មន្ទីរពេទ្យបានរៀបចំ សម្រួលហេដ្ឋារចនាសម្ព័ន្ធ បុគ្គលិក និងក្រុមការងារ សម្រាប់ព្យាបាលអ្នកជំងឺ ដែលរកឃើញមេរោគកូវីដ-១៩ នៅអគារដាច់ដោយឡែកពីអគារពិនិត្យ និងព្យាបាលជំងឺទូទៅរបស់មន្ទីរពេទ្យ ទាំងនៅភ្នំពេញ និងនៅសៀមរាប ផងដែរ ។

សូមបញ្ជាក់ថា ឆ្នាំ ២០២១ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគ ប្រមាណ ១៨ .៥ លានដុល្លារអាមេរិក ពីប្រភពនានាដូចជា៖ វិភាគទានរបស់រាជរដ្ឋាភិបាល កម្រៃពីការលក់សំបុត្រចូលទស្សនា តំបន់រមណីយដ្ឋានអង្គរ, វិភាគទានប្រចាំឆ្នាំរបស់កាកបាទក្រហម និងការបរិច្ចាគពីសប្បុរសជនទូទៅ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top