ព័ត៌មានជាតិ

ពលរដ្ឋសាទរ នូវដំណើរការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង របស់អាជ្ញាធរខេត្តកំពង់ចាម

កំពង់ចាម ៖ ប្រជាពលរដ្ឋជាច្រើន បានសាទរ នឹងសម្ដែងនូវការរីករាយ ខណៈពេល អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារ អញ្ជើញចុះពិនិត្យដំណើរការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធ ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ ។

បើតាម លោក ឌួល សុន មន្ត្រីបច្ចេកទេសនៃទីចាត់ការផែនការវិនិយោគខេត្តកំពង់ចាមបានឲ្យដឹងថា គម្រោងរបស់រដ្ឋបាលខេត្តឆ្នាំ ២០២២ បាននិងកំពុងដំណើរការសាងសង់ ផ្លូវបេតុងក្នុងសង្កាត់បឹងកុកមានចំនួន៨ខ្សែ ស្មើនឹង ១,៤០០ ម៉ែត្រ និងដាក់លូរំដោះទឹកភ្លៀង ប្រវែង១,៥២៩ម៉ែត្រ មុខកាត់៨ ទឹក, និងស្ថាបនាផ្លូវបេតុង នៅខាងភូមិថ្មគោល , មានប្រវែង ២៥០ម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ ។

លោក ឌួល សុន បានបញ្ជាក់ទៀតថា ជាមួយគ្នានេះដែរ លោកអភិបាលខេត្តបានឲ្យក្រុមហ៊ុនវិនិយោគ រៀបចំដាក់អំពូលភ្លើងតាមដងផ្លូវ តាមមាត់ទន្លេ ចាប់ពីសង្កាត់កំពង់ចាម រហូតមកដល់ស្នាក់ការគណបក្សប្រជាជនសង្កាត់បឹងកុក និងកំណត់អោយរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។

លោក ឌួល សុន បានរំលឹកថា នៅក្នុងសង្កាត់ ធ្លាប់ទទួលរងនូវជំនន់ទឹកភ្លៀងក្នុងកុំឡុងឆ្នាំ ២០២១ ។ ហើយខណៈនោះអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំក្រុមការងារចុះពិនិត្យភូមិសាស្រ្ត ក្រៅពីអន្តរាគមន៍ជួយរំដោះទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗ លោកអភិបាលខេត្ត បានរៀបចំផែនការដើម្បីស្ថាបនាសាងសង់ផ្លូវបេតុង និងរៀបចំដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងតំបន់នេះ ។

ទន្ទឹមនឹងនេះដែរ តាមមតិ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបឹងកុក ២ បានសម្ដែងនូវក្តីរំភើបរីករាយ និងនិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តកំពង់ចាម ជាពិសេសលោក អ៊ុន ចាន់ដា អភិបាលខេត្ត ដែលបានបើកការសាងសង់ផ្លូវបេតុង និងប្រព័ន្ធលូ ធ្វើឲ្យពួកគាត់អស់កង្វល់ អំពីជំនន់ទឹកភ្លៀង ដូចឆ្នាំកន្លងទៅ៕

To Top