ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអះអាងថា កម្ពុជា នាំចេញទៅប្រទេសកាណាដា ក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់ រហូតដល់ ៩៥៤,៨២លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ នេះបើយោងតាម ក្រសួងពាណិជ្ជកម្ម នៅថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២។
លោករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ លោកស្រីបណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជំរុញការវិនិយោគ អភិវឌ្ឍវិស័យអប់រំ និងវិស័យឧស្សាហកម្មធុនតូច និងមធ្យម ការចរចារពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ព្រមទាំងការអភិវឌ្ឍន៍ គម្រោងជំនួយផ្សេងៗទៀត ដូចជា ការក៏សាងធនធានមនុស្ស និងការអភិវឌ្ឍន៍ផ្នែកបច្ចេកទេស ដល់កម្ពុជា។
លោករដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកស្រី ឯកអគ្គរដ្ឋទូត និងសហការី ព្រមទាំងបានថ្លែងអំណរគុណ ចំពោះទំនាក់ទំនងល្អ និងការគាំទ្រ របស់រដ្ឋាភិបាលកាណាដាកន្លងមក ជាពិសេស ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំនេះ រួមទាំងការផ្តល់ជំនួយវ៉ាក់សាំង ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ-១៩ ដែលគិតត្រឹមថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជា សម្រេចបានការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ រហូតទៅដល់ ៨៩,៨២% នៃប្រជាជនសរុប ១៦ លាននាក់។
លោករដ្ឋមន្រ្តីបន្តថា “ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះ កម្ពុជា បាននាំចេញទៅប្រទេសកាណាដា ក្រោមកម្មវិធីពន្ធគយសេរី និងកូតាសេរី ដែលមានទំហំទឹកប្រាក់ រហូតដល់ ៩៥៤,៨២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១”។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានស្នើឯកអគ្គរដ្ឋទូត ពិនិត្យលទ្ធភាពក្នុងការសិក្សា ទៅលើលទ្ធភាពនៃការបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-កាណាដា និងស្នើឱ្យមានការរៀបចំ កិច្ចជំនួបពាណិជ្ជកម្ម រវាងវិនិយោគិនកាណាដា ដែលបានវិនិយោគ នៅប្រទេសថៃ និងទ្បាវ ជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-ចិន (CCFTA) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាទើបសម្រេចបាន នាពេលថ្មីៗនេះ។ លើសពីនេះ កម្ពុជាបានធ្វើកំណែទម្រង់ និងក៏សាងច្បាប់វិនិយោគថ្មីៗជាច្រើន សំដៅជួយសម្រួល ដល់បរិយាកាសធុរកិច្ច នៅកម្ពុជា ឱ្យកាន់តែប្រសើឡើង។
យ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តី បញ្ជាក់ថា កម្ពុជាតែងតែគាំទ្រ វិនិយោគិនកាណាដា ដែលកំពុងវិនិយោគនៅកម្ពុជា ជាក់ស្ដែង ធនាគារ ABA បានស្ថិតក្នុងលំដាប់ទី៣ នៃធរនាគារនាំមុខគេនៅកម្ពុជា ហើយក្រុមហ៊ុនធានារ៉ាប់រង ព្រូដិនស្យល់វិញ ក៏បានទទួលអាជ្ញាប័ណ្ណ និងចែករំលែកចំណេះជំនាញរបស់ខ្លួន ដល់កម្ពុជាផងដែរ។
លោករដ្ឋមន្រ្តី លើកឡើងទៀតថា ជំនួយបច្ចេកទេសក្រោមគម្រោង Canadian Trade and Investments Framework (CTIF ) ជាការអនុវត្តដ៏ល្អបំផុត នៃកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកាណាដា លើការជួយដល់ការធ្វើកំណែទម្រង់ គោលនយោបាយទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព ព្រមទាំងគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ លោក បានស្នើដល់ភាគីកាណាដា បន្តនូវជំនួយក្រោមគម្រោង CTIF នេះ លើជំនួយបច្ចេកទេសដល់កម្ពុជា ទាក់ទងការអភិវឌ្ឍន៍សមត្ថភាព SMEs ការចូលរួមតាំងពិព័រណ៌ និងការផ្គូរផ្គង ឱ្យមានជំនួបពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ ម្យ៉ាងទៀត ស្នើឱ្យមានការផ្តល់ការអនុគ្រោះពិសេស ដល់កម្ពុជា ដែលជាប្រទេស មានគម្លាតសេដ្ឋកិច្ច តិចជាងប្រទេសអាស៊ាន មួយចំនួន។
លោកស្រី ឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងល្អរបស់កម្ពុជា ជាមួយកាណាដា និងកម្ពុជាជាមួយអាស៊ាន ព្រមទាំងបានឆ្លើយតបថា នេះជាឆ្នាំពិសេសមួយ ដែលកម្ពុជាធ្វើជាប្រធានាស៊ាន ត្រូវនឹងខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-កាណាដា។ ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងការកោតសរសើរយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានច្រើនតាមផែនការណ៍ និងបានកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដឹកនាំអាស៊ានក្នុងឆ្នាំនេះ ទោះបីស្ថិត ក្នុងពេលវេលាដ៏លំបាក នៃវិបត្តកូវីដ-១៩ យ៉ាងណាក្ដី។
ឯកអគ្គរដ្ឋទូតបន្តថា កាណាដានឹងជំរុញ ការចរចារពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា និងពិនិត្យលទ្ធភាពលើការសិក្សា ទៅលើលទ្ធភាព នៃការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទ្វេភាគីកម្ពុជា-កាណាដា ព្រោះកិច្ចការនេះជាកិច្ចការ ស្របគ្នាជាមួយគោលនយោបាយ ពាណិជ្ជកម្មរបស់កាណាដា ក្រោមរដ្ឋបាលថ្មី ដែលត្រូវបង្កើនពាណិជ្ជកម្មរបស់ខ្លួន ជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិក និងបានគូសបញ្ជាក់ថា ភាគីកាណាដាគាំទ្រជានិច្ច ចំពោះការធ្វើជាប្រធានអាស៊ាន របស់កម្ពុជា។ ម្យ៉ាងទៀត លោកស្រី សន្យាថា នឹងយកសំណើខាងលើ ទៅពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងជំរុញមន្រ្តីរបស់ខ្លួនឱ្យធ្វើការ ជាមួយកម្ពុជា ឱ្យកាន់តែជិតស្និតបន្ថែមទៀត សំដៅនាំយក និងបង្កើតបានគម្រោងជាក់លាក់ ក្រោមកិច្ចសហប្រតិបត្តិការក្របខណ្ឌ CTIF ព្រមទាំងដើម្បីធ្វើកា លើកសំណើជំនួយបច្ចេកទេស ពីគម្រោង CTIF របស់រដ្ឋាភិបាលកាណាដា។
លោករដ្ឋមន្រ្តី បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយជំរុញបរិយាកាសធុរកិច្ច នៅកម្ពុជាឱ្យកាន់តែល្អប្រសើឡើង ជាពិសេសការជួយសម្របសម្រួល ដល់ធុរជនរបស់ប្រទេសកាណាដា ក្នុងការធ្វើធុរកិច្ច នៅកម្ពុជា៕