ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់មេដឹកពិភពលោកថា តាមបទពិសោធន៍កម្ពុជា មិនអាចប្រើសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមទេ (Video)

ភ្នំពេញ៖ នៅចំពោះមុខបណ្តាមេដឹកនាំពិភពលោក ក្នុងកិច្ចប្រជុំកំពូល សន្តិភាពពិភពលោក ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ផ្អែកតាមបទពិសោធន៍របស់កម្ពុជា មិនអាចប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះទេ មានតែកិច្ចសន្ទនាគ្នាទើបបញ្ចប់សង្គ្រាម ។

ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា បើកកិច្ចប្រជុំកំពូលសន្តិភាព ពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោថ្លែងថា តាមបទពិសោធន៍របស់កម្ពុជា មិនអាចយកសង្គ្រាមទៅពន្លត់សង្គ្រាមបានឡើយ មានតែកិច្ចសន្ទនាដោយសន្ដិតិវិធី និងការចរចាគ្នា ដើម្បីបញ្ចប់សង្គ្រាម។

សម្ដេចមានប្រសាសន៍ថា «ក្នុងជាងពាក់កណ្ដាលជីវិតរបស់ខ្ញុំនេះ ដំណើរការចរចា គឺជាជម្រើសដ៏ល្អបំផុត ខ្ញុំមិនដែលជឿទេថា ប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាម។ ប្រទេសរបស់យើងខ្ញុំ ហែកហួរ ដោយសារសង្គ្រាម ។ យើងបានប្រើប្រាស់ការចរចា ៤ឆ្នាំ ដើម្បីបញ្ចប់សង្គ្រាមនេះ ប៉ុន្ដែប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន តែអ៊ុនតាត់មិនសម្រេចបាន គឺអ៊ុនតាក់ ដកត្រឡប់ទៅវិញ បន្សល់ទុកឲ្យកម្ពុជាមានតំបន់២ រដ្ឋាភិបាល២ នៅកម្ពុជា»។

សម្ដេចបន្ដថា សន្តិភាពកម្ពុជារកបាន នៅចុងឆ្នាំ១៩៩៨ គឺជាសន្តិភាព ជាការឯកភាពមួយរបស់កម្ពុជា។ តាមប្រវត្តិសាស្ដ្ររបស់ កម្ពុជាបានបញ្ជាក់ថា ប្រមាណ៥០០ឆ្នាំមុន កម្ពុជាមានការហែកហួរ និងបែងចែកទឹកដី។

សម្ដេចបញ្ជាក់ថា «យើងខ្ញុំគ្មានជម្រើសអ្វីឲ្យល្អក្រៅពី ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្ដិភាព កម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុង ក្នុងរយៈពេលជាង២០ឆ្នាំ រួចស្រេចទៅហើយ ហើយដែលមុននេះ ប្រវត្តិសាស្ដ្ររបស់យើង បានបញ្ជាក់ថា ប្រមាណ៥០០ឆ្នាំ ដែលកម្ពុជា មានការហែកហួរ និងបែងចែកទឹកដី។ នេះជាបទពិសោធន៍មួយ ដែលកម្ពុជាបានរកដោយខ្លួនឯង ដោយមានជំនួយឧបត្ថម្ភគាំទ្រ ពីសហគមន៍អន្ដរជាតិ» ៕

To Top