ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាឲ្យបណ្តាម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ត្រូវទំនាក់ទំនងទៅអាជ្ញាធរជាបន្ទាន់ ដើម្បីរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ នូវដូសជំរុញជូនកម្មករនិយោជិត ក្នុងការទប់ស្កាត់មេរោគបំប្លែងខ្លួនថ្មី។
យោងតាមសេចក្ដីជូនដំណឹងនាថ្ងៃទី១០ កុម្ភៈ ក្រសួងការងារ បានបញ្ជាក់ថា «សូមរំលឹក និងណែនាំសាជាថ្មីម្តងទៀតដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវទំនាក់ទំនងជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនបងប្អូនកម្មករនិយោជិត នៅតាមទីតាំងណាមួយដែលមានភាពងាយ ស្រួលសម្រាប់កម្មករនិយោជិត»។
ក្រសួងបន្ដថា ត្រូវជំរុញអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតឲ្យបានយល់ដឹងពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយត្រូវផ្តល់នូវការឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករចាក់វ៉ាក់សាំង។
ក្រសួងបន្ថែមថា គ្រប់គ្រងទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត និងបំពេញព័ត៌មានចាក់វ៉ាក់សាំង ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh ។
លើសពីនេះ ក្រសួងការងារ ក៏បានណែនាំបន្ថែមថា ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា ស្តីពីដំណើរការ និងការគ្រប់គ្រងរោងចក្រ សហគ្រាសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាពិសេសការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យនៅច្រកទ្វារចេញ-ចូល រោងចក្រសហគ្រាស, ការរក្សាគម្លាតសុវត្ថិភាពបុគ្គលនៅកន្លែងធ្វើការ និងកាត់បន្ថយការប្រមូលផ្តុំ កម្មករនិយោជិត, ការលាងសម្អាតដៃ និងបាញ់ថ្នាំសម្លាប់មេរោគនៅកន្លែងធ្វើការ និងកន្លែងប្រើប្រាស់រួមគ្នា និងការតាមដានសុខភាពកម្មករនិយោជិត៕