ព័ត៌មានជាតិ

ឆ្នាំ២០២១ គយ រកចំណូលបានជាង២ពាន់លានដុល្លារ ថយចុះ៥% បើធៀបឆ្នាំមុន (Video)

ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយឆ្នាំនៃ ឆ្នាំ២០២១ គយប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ លានដុល្លារ) ថយចុះប្រមាណ ៥.១% បើធៀបនឹងចំណូលប្រមូលបាន កាលពីឆ្នាំ២០២០។ នេះបើតាមការឲ្យដឹងពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ គយ និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១០ កុម្ភៈ លោក គុណ ញឹម បានថ្លែងថា «គយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២,២៩៥.២ លានដុល្លារ) ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះគឺសម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១»។

នាឱកាសនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករគ្រប់ជាន់ថ្នាក់ ក្នុងការសម្រេច បាននូវលទ្ធផលល្អប្រសើរលើគ្រប់ការដ្ឋានការងារ ទោះបីជាបានឆ្លងកាត់នូវការប្រឈមខ្លាំងពីការរាលដាលជំងឺកូវីដ-១៩ និងបានថ្លែងនូវការគាំទ្រ យ៉ាងពេញទំហឹង ដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្រាប់ការអនុវត្តការងារនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ។
លោកឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំអគ្គនាយកគយនូវចំនួនដូចជា ៖ បន្តធ្វើសាមញ្ញកម្មនីតិវិធី ស្របតាមជំនួយបច្ចេកទេសដែល អគរ កំពុងទទួលបានពីដៃគូអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះក្នុងស្មារតីទទួលខុសត្រូវ និងមានភាពជាម្ចាស់ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម។

ជាពិសេស លើកកម្ពស់ប្រសិទ្ធភាពការងារបង្ការនិងបង្ក្រាបបទល្មើសឲ្យបានសកម្មដូចភ្លៀងរលឹមទាំងនៅដើមទី កណ្តាលទី និងចុងទី ដោយរាប់បញ្ចូលទាំងការ បង្ក្រាបទំនិញ ក្លែងក្លាយ, ទំនិញល្មើសសិទ្ធិចែកចាយផ្ដាច់មុខ, ទំនិញដែលអាចត្រូវបានប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន, និងការសហការ ជាមួយ អង្គភាពពាក់ព័ន្ធ ក្នុងការកំណត់មុខសញ្ញាករណីសង្ស័យបទល្មើស សម្អាតប្រាក់ជ្រកក្រោមរូបភាពពាណិជ្ជកម្ម៕

To Top