ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានិត និងអភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ជាង១៦ គីឡូម៉ែត្រ

កំពង់ចាម ៖ លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារ ចុះជួយស្រុកចំការលើ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រតិភូអម ដំណើរជាច្រើនទៀត នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ១ ខ្សែប្រវែង ១៦,៨ គីឡូម៉ែត្រ ចាប់ពីភូមិតាអុង ឃុំតាអុង ឆ្ពោះទៅភូមិជយោ ឃុំជយោ ស្រុកចំការលើ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ផ្លូវមួយខ្សែនេះប្រជាពលរដ្ឋ ក្នុងស្រុកចំការលើ បានទន្ទឹងរង់ចាំយូរមកហើយ ទើបតែក្នុងឆ្នាំ ២០២២ នេះ ដោយការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តផង និងដោយបានទទួលការជ្រោមជ្រែងពីលោក ហ៊ុន ម៉ានិត ប្រធានក្រុមការងារ ចុះជួយស្រុកចំការលើផង ទើបធ្វើឲ្យផ្លូវមួយខ្សែនេះ បានសម្រេចសាងសង់ ជូនប្រជាពលរដ្ឋដូចពេលនេះ ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះ អាចនឹងស្ថាបនារួចរាល់ក្នុងរយៈពេលត្រឹមតែ ៤ ខែប៉ុណ្ណោះ ពោលគឺធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋយើង ឆាប់បានផ្លូវល្អប្រើប្រាស់ ដែលមានដាក់ស្លាកសញ្ញាចរាចរណ៍ និងស្លាកកំណត់កម្រិតទម្ងន់របស់រថយន្តដឹកទំនិញផ្សេងៗ ឲ្យបានត្រឹមត្រូវ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ។

លោក ហ៊ុន ម៉ានិត បានមានប្រសាសន៍ក្នុងឱកាសនោះផងដែរថា មូលហេតុដែលអូសបន្លាយ មានការយឺតយ៉ាវក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ដោយសារប្រទេសជាតិជួបបញ្ហាជំងឺកូវីដ១៩ ។ មូលហេតុនេះហើយដែលរាជរដ្ឋាភិបាលបានបង្វែរថវិកា ផ្គត់ផ្គង់ផ្នែកសុខាភិបាលជាអតិភាព ដើម្បីទប់ស្កាត់កុំអោយមានការរាលដាលជំងឺនេះនៅក្នុងសហគមន៍ធ្ងន់ធ្ងរ និងការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋយើង ។ ប៉ុន្តែយ៉ាងណាក៏ដោយ មកដល់បច្ចុប្បន្ននេះ បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗ នៅលើពិភពលោក លើការគ្រប់គ្រងនៃស្ថានភាពជម្ងឺកូវីដ១៩ គឺប្រទេសកម្ពុជាយើង បានគ្រប់គ្រងល្អជាប់លំដាប់ថ្នាក់លេខ ២ ។

ប៉ុន្តែទោះជាយ៉ាងណានោះក្តី ដោយសារជំងឺកូវីដ មានការបម្លែងខ្លួនថ្មីៗ ជាបន្តបន្ទាប់ ដែលអាចធ្វើអោយមានការឆ្លងច្រើនផងដែរ នៅរាជធានីភ្នំពេញ ក៏ដូចតាមដែលខេត្តមួយចំនួន ដូច្នេះ វិធីការពារដ៏ល្អ មានតែបងប្អូនប្រជាពលរដ្ឋយើង អញ្ជើញទៅចាក់វ៉ាក់សាំង តាមកាលកំណត់នៃ ដូស នីមួយៗ ឲ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាព ដល់អាយុជីវិតប្រជាពលរដ្ឋយើងទាំងអស់គ្នា ៕

To Top