នយោបាយ

លោក បាន គីមូន ៖ ដំណើរទស្សនកិច្ច សម្ដេចតេជោទៅភូមា ជារឿងដ៏សំខាន់ ក្នុងការស្វែង រកដំណោះស្រាយ បញ្ចប់ជម្លោះ (Video)

ភ្នំពេញ ៖ លោក បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងជាសហ ប្រធាន នៃកិច្ចប្រជុំកំពូលសន្តិភាព ពិភពលោកឆ្នាំ២០២២ បានគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសភូមា ឬមីយ៉ាម៉ា កាលពីពេលកន្លងទៅនេះ ដោយលោកចាត់ទុកថា ជារឿងដ៏សំខាន់ ក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ា ។

លោក បាន គីមូន ថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយសម្តេច បញ្ចប់ពិធីបើកកិច្ចប្រជុំកំពូល សន្តិភាពពិភពលោកឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

លោក បាន គីមូន បានផ្លាស់ប្ដូរមតិយោបល់ ក៏ដូចជាការរួមចំណែក ក្នុងការស្វែងរកដំណោះស្រាយនៅមីយ៉ាន់ម៉ា ។ លោកបង្ហាញការគាំទ្រ នូវតួនាទីដ៏សំខាន់ សម្រាប់អាស៊ាន ជាពិសេសការឯកភាពរបស់អាស៊ាន ហើយលោកក៏បានគាំទ្រសម្តេចតេជោ ជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះផងដែរ ។

លោក បាន គីមូន បញ្ជាក់ថា «ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាម៉ា កន្លងទៅនេះ គឺជារឿងដ៏សំខាន់ ក្នុងការស្វែងរក ដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេសលោកគាំទ្រ ចំពោះការបង្កើត ឲ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការរកដំណោះស្រាយ នៅមីយ៉ាន់ម៉ានេះ» ។
កាលពីថ្ងៃ៧-៨មករា សម្តេចតេជោបានធ្វើដំណើរ បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចនោះសម្តេច និងលោកមីន អោងឡាំង មេយោធាភូមា បានជួបពិភាក្សាគ្នា ដោយលោកមីន អោងឡាំងបានសន្យា ជាមួយសម្តេចពន្យារ ពេលបទឈប់បាញ់គ្នា ជាមួយអង្គការប្រដាប់អាវុធ ជនជាតិដើមភាគតិចបន្ថែមទៀតដល់ចុងឆ្នាំ២០២២ ។ បន្តមកទៀតកាលពីថ្ងៃ២៦ មករា សម្តេចក៏មានជំនួបជាមួយឧត្តមសេនីយ៍មីន អោងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាម្តងទៀត តាមប្រព័ន្ធអនឡាញ ហើយសម្តេចក៏ស្នើទៅ លោកមីន អោងឡាំង ៤ ចំណុចសំខាន់ ដើម្បីឈានទៅបញ្ឈប់អំពើហិង្សា បទឈប់បាញ់ និងឈានទៅផ្តល់ជំនួយ មនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ខណៈលោក មីន អោងឡាំងវិញ ក៏បានអះអាងជាថ្មីថា នឹងប្តេជ្ញាធ្វើការជាមួយកម្ពុជា ដែលជាប្រធានអាស៊ាន ដើម្បីធានាបាននូវ ឆ្នាំប្រកបដោយជោគជ័យ ។

សូមបញ្ជាក់ថា ប្រទេសភូមានេះ បានស្ថិតក្នុងភាពវឹកវរ ចាប់តាំងពីម្ចាស់ជ័យលាភីណូបែល លោកស្រី អ៊ុងសាន ស៊ូជី និងឥស្សរជនផ្សេងទៀត មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ(NLD) ត្រូវបានប្រមូលផ្តុំនៅក្នុងការវាយឆ្មក់ដែលត្រូវបានចោទប្រកាន់ដោយរបបយោធាថា បានក្លែងបន្លំការបោះឆ្នោតឆ្នាំ២០២០ ដែលគណបក្សNLDបានឈ្នះឆ្នោត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

ការផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ពីសំណាក់លោកមីន អោងឡាំង បានបង្កឲ្យមានការតវ៉ា តាមដងផ្លូវដ៏ធំកាលពីឆ្នាំមុន ហើយកងកម្លាំងសន្តិសុខ បានសម្លាប់រាប់រយនាក់នៅក្នុងការបង្ក្រាប ដែលនាំទៅដល់ការបង្កើត “កងកម្លាំងការពារប្រជាជន” ដើម្បីដណ្តើមយកកងទ័ព៕

To Top