ភ្នំពេញ៖ ខណៈពេលដែល កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានបញ្ចប់ការចរចា ព្រមទាំងត្រូវបានចុះហត្ថលេខា ជាផ្លូវការរួចរាល់ហើយ កាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នោះ ភាគីទាំងពីរ បាននិងកំពុង ពន្លឿនការផ្ដល់សច្ចាប័ន ។
ជាថ្មីម្ដងទៀត នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក មួន ជេអ៊ីន ប្រធានាធិបតី សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោបាន មានប្រសាសន៍ទៀតថា កន្លងទៅនេះ កម្ពុជាក៏បានបញ្ចប់នីតិវិធីផ្ទៃក្នុង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជានិងកូរ៉េ ផងដែរ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏ស្នើសុំឲ្យភាគីកូរ៉េ ជួយពន្លឿនការផ្ដល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ ចូលជាធរមាន។
ជាការឆ្លើយតប លោក មួន ជេអ៊ីន ប្រធានាធិបតីកូរ៉េ បានមានប្រសាសន៍ថា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កូរ៉េបានបញ្ចប់នីតិវិធីហើយ ហើយកំពុងតែបញ្ជូន ទៅសភា របស់សាធារណរដ្ឋកូរ៉េ ដើម្បីផ្ដល់សច្ចាប័ន ដូច្នេះនីតិវិធីនេះ បាននិងកំពុងបន្តនៅឡើយ ។
លោកប្រធានាធិបតី បានគូសបញ្ជាក់ថា កម្ពុជាគឺជាអតិភាពសម្រាប់កូរ៉េ ជាពិសេសពាក់ព័ន្ធ ទៅនឹងការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយកម្ពុជាគឺជាប្រទេសទី១ហើយ ដែលកូរ៉េ បានចុះហត្ថលេខាជាមួយនេះ ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺជាគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មូន ជេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ កន្លងទៅសំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕