ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថា សភាកូរ៉េ នឹងជួយជំរុញការផ្ដល់ សច្ចាប័ន ដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉

ភ្នំពេញ៖ ខណៈពេលដែល កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានបញ្ចប់ការចរចា ព្រមទាំងត្រូវបានចុះហត្ថលេខា ជាផ្លូវការរួចរាល់ហើយ កាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សង្ឃឹមថាប្រធានរដ្ឋសភាកូរ៉េ នឹងជួយជំរុញការផ្ដល់សច្ចាប័ន ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ការបង្ហាញក្ដីសង្ឃឹមនេះ ធ្វើឡើងនៅក្នុងជំនួប ពិភាក្សារការងារ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

ក្នុងជំនួបនេះ សម្ដេចតេជោ បានអរគុណចំពោះ លោកPark Byeong-Seung ដែលគាំទ្រប្រទេសកម្ពុជា ជាពិសេសគាំទ្រកិច្ចប្រជុំ កំពូលអាស៊ីអឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ និងគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ នេះផងដែរ។

សម្តេចតេជោ ក៏បានអរគុណដល់ ប្រទេសកូរ៉េ ដែលតែងតែផ្សាភ្ជាប់នូវ ទំនាក់ទំនងដ៏ល្អ ទោះបីជាមានការប្រឈមនឹងបញ្ហាជំងឺ Covid 19 ក៏ដោយ ក៏ក្រុមហ៊ុនអាកាសចរណ៍កូរ៉េ នៅតែបន្តហោះមកកម្ពុជា។ ដូច្នេះ នេះ គឺជាការតភ្ជាប់នូវទំនាក់ទំនង រវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ។

ចំពោះទំនាក់ទំនង សេដ្ឋកិច្ចនៃប្រទេសទាំងពីរវិញ សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា ទំនាក់ទំនងសេដ្ឋកិច្ច នៃប្រទេសយើងក៏មានភាពល្អប្រសើរផងដែរ ។ សម្ដេចតេជោបញ្ជាក់ថា តាមរយៈការហោះហើរពីកូរ៉េ មកកម្ពុជានេះ ក៏បានក៏បានផ្ដល់ឱកាស ឲ្យពលរដ្ឋដែលរស់នៅ សហរដ្ឋអាមេរិក និងនៅប៉ែកអឺរ៉ុប ក៏អាចធ្វើដំណើរតាមប្រទេសកូរ៉េ មកកម្ពុជាបានដែរ ដែលជាច្រកចេញចូលដ៏សំខាន់នៃប្រទេសទាំងពីរ។ ក្នុងខួបលើកទី២៥ ឆ្នាំនៃទំនាក់ទំនងការទូតនេះ សម្ដេចតេជោក៏បានស្នើឲ្យ មានការរៀបចំ សកម្មភាពប្រារព្ធខួប នៃទំនាក់ទំនងការទូត នៃប្រទេសយើងទាំងពីរ។

សម្ដេចតេជោ បានមានប្រសាសន៍ថា តាមរយៈទំនាក់ទំនងការទូត ដ៏ល្អនេះ រហូតមកដល់ពេលនេះ ប្រទេសយើងទាំងពីរ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-កូរ៉េ រួចហើយ។ ហើយសភាជាតិ នៃកម្ពុជាក៏បាន ផ្ដល់សច្ចាប័នរួចហើយ ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នេះ ហើយសម្ដេចតេជោសង្ឃឹមថា លោកប្រធានរដ្ឋសភាកូរ៉េ នឹងជួយជំរុញការផ្ដល់សច្ចាប័ន ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរនេះ សម្តេចតេជោ ចង់ឃើញនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ ក្នុងការផ្លាស់ប្ដូរតំណាងរាស្ត្រ ជាទូទៅនិងតំណាងរាស្ត្រជាស្ត្រី និងតំណាងរាស្រ្តវ័យក្មេង ក្នុងការទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។

សម្ដេចតេជោ ក៏បានពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ រវាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសសម្ដេចពិតជា ចង់ឃើញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ចូលជាធរមាន និងភាពជាដៃគូ តំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលបានចូលជាធរមាននៅខែមករា កន្លងទៅនេះ ដែលទាំងអស់នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញទំហំពាណិជ្ជកម្ម ទំហំវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

នៅក្នុងឱកាសនេះ សម្ដេចតេជោសង្ឃឹមថា លោកប្រធានរដ្ឋសភាកូរ៉េ នឹងជំរុញលើកទឹកចិត្ត ឲ្យអ្នកវិនិយោគិនកូរ៉េ មកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន បន្ថែមទៀតវាពេលខាងមុខ។ លើសពីនេះទៅទៀត សម្តេចតេជោ ក៏បានស្នើសុំឲ្យកូរ៉េផ្ដល់ នូវជំនួយឥតសំណង និងកម្ចីសម្បទាន ជាពិសេសក្នុងការធ្វើស្ពានមិត្តភាព កម្ពុជា-កូរ៉េ ឆ្លងទន្លេមេគង្គនេះ ដែលសម្ដេចគិតថាស្ពាននេះ គឺជាស្ពានមួយដ៏ល្អ សម្រាប់បម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋនៅកម្ពុជា។ ទាក់ទងទៅនឹងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា សម្ដេចតេជោក៏បានលើកឡើងអំពីរូបមន្ត១+ នេះ ស្របពេលដែលកម្ពុជា កំពុងមានការកំណែទម្រង់ច្បាប់វិនិយោគថ្មីនោះ។

ទាក់ទងទៅនឹង ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនវិញ សម្ដេចតេជោក៏បានអរគុណ ដល់សាធារណរដ្ឋកូរ៉េ ដែលកន្លងមកបានទទួលពលករកម្ពុជា ជាច្រើនមកធ្វើការនៅកូរ៉េ និងបានយកចិត្តទុកដាក់អំពីសុខមាលភាព ជាពិសេសការផ្ដល់វ៉ាក់សាំងកូវីដ19 កន្លងទៅថ្មីៗនេះ។ នៅក្នុងឱកាសនោះផងដែរសម្ដេចតេជោ ក្នុងនាមប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភានៃប្រទេសកម្ពុជា ក៏បានអញ្ជើញលោកប្រធានរដ្ឋសភាកូរ៉េ មកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។

ជាការឆ្លើយតប លោកប្រធានសភាជាតិកូរ៉េ បានមានប្រសាសន៍ថា ទាក់ទងទៅនឹងការផ្ដល់សច្ចាប័ន លើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ថា កូរ៉េនឹងផ្ដល់ក្នុងពេលឆាប់ៗនេះ ជាពិសេសអំឡុងពាក់កណ្ដាលឆ្នាំ២០២២ នេះ ហើយលោកនឹងធ្វើការងារដោយផ្ទាល់ជាមួយការងារនេះ។
ពាក់ព័ន្ធទៅនឹង ការកសាងស្ពានមិត្តភាព កម្ពុជា-កូរ៉េ នៅប្រទេសកម្ពុជានោះ លោកនឹងខិតខំជំរុញការងារនេះ ហើយនឹងអាចធ្វើយ៉ាងណា ឲ្យមានការចុះកុងត្រា ឆាប់ៗនាពេលខាងមុខនេះ ។

To Top