ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម សម្ពោធក្លោងទ្វារវត្តឥស្សីប្រាំបីទិស និងសមិទ្ធផលនានាក្នុងស្រុកជើងព្រៃ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយនឹងក្រុមការងារ នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈឆ្នាំ ២០២២ នេះ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវក្លោងទ្វារ វត្តឥស្សីប្រាំបីទិស និងសមិទ្ធផលមួយចំនួនទៀត ស្ថិតក្នុងភូមិច្រភ្នំ ឃុំគោករវៀង ស្រុកជើងព្រៃ ។

ក្នុងការសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកអភិបាលខេត្តបានលើកឡើងថា ផ្លូវបេតុងប្រវែង១៧០ម៉ែត្រ, រូបបដិមាបរិនិព្វាន១ព្រះអង្គ និងក្លោងទ្វារវត្តថ្មីស្រឡាងនេះ ជាសមត្ថិផលរបស់សប្បុរសជន និងប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ចំណុះជើងវត្តបុទមរ័ត្នមានជ័យ (ហៅវត្តឥស្សីប្រាំបីទិស)នេះ។

លោកអភិបាលខេត្តបានបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា ក៏ដូចជាវិស័យផ្សេងៗទៀតក្នុងប្រទេសកម្ពុជាយើង មានការរីកចម្រើនជាលំដាប់ ដោយសារកត្តាសុខសន្តិភាព ដែលបានមកពីការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

កត្តាសុខសន្តិភាពនេះដែរ បានធ្វើឲ្យបងប្អូនប្រជាពុទ្ធបរិស័ទយើង មានឱកាសជួបជុំធ្វើបុណ្យទាន ជួបជុំគ្នាសប្បាយរីករាយ ដោយសារប្រទេសគ្មានសង្រ្គាម មានសន្តិសុខសណ្តាប់ធ្នាប់ល្អ មានអាជ្ញាធរសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ បង្ក្រាបរាល់អំពើបទល្មើសទាំងឡាយ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ប្រកបដោយសុខដុមរមនា នឹងមានឱកាសរកទទួលទាន បង្កើនជីវភាពគ្រួសារ តាមមុខរបររៀងៗខ្លួន ឲ្យកាន់តែប្រសើរឡើងផងដែរ ៕

To Top