ភ្នំពេញ ៖ លោក Park Byeong-Seung ប្រធានរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ បានអបអរសាទរ ចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ដ៏មានកិត្យានុភាពបំផុត ពោលគឺស័ក្តិសមទៅនឹងគុណតម្លៃ និងមហាពលីកម្ម សាច់ស្រស់ ឈាមស្រស់ របស់ សម្តេច ជូនប្រទេសជាតិ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ជាមួយ សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១២ កុម្ភៈ លោក Park Byeong-Seung មានប្រសាសន៍ថា «សូមចូលរួមអបអរសាទរ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ដ៏មានកិត្យានុភាពបំផុត ពោលគឺស័ក្តិសមទៅនឹងគុណតម្លៃ និងមហាពលីកម្ម សាច់ស្រស់ឈាមស្រស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា»។
នៅក្នុងពិធីលៀងសាយភោជន៍នោះដែរ លោកប្រធានរដ្ឋសភា កូរ៉េ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋសភាកូរ៉េ ដែលបានគាំទ្រនូវគម្រោងនានាដែលប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េបានស្នើឲ្យរដ្ឋសភាធ្វើការគាំទ្រ និងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា- កូរ៉េ ។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន និងលោកប្រធានសភាកូរ៉េ ក៏បានពិភាក្សាលើបញ្ហាជាច្រើនទៀត ដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ពិសេសការជួយគ្នាទៅវិញទៅមក ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមទាំងបញ្ហាជាច្រើនទៀតដែលបម្រើឲ្យតម្រូវការរបស់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕