ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ គឺជាខួប២ឆ្នាំ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ ដោយផ្ទាល់ចំពោះវត្តមានអ្នកដំណើរ បរទេសជាង២ពាន់នាក់ ជាប់លើនាវាទេសចរណ៍អាមេរិក Westerdam ។
នាវា Westerdam បានចូលចត នៅកំពង់ផែក្រុងព្រះសីហនុ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីសម្តេច បានអនុញ្ញាត បន្ទាប់ពីត្រូវបានបដិសេធ មិនឲ្យចូលចតនៅប្រទេសផ្សេងៗ ដោយសារខ្លាចជំងឺកូវីដ ១៩ ។ ការសម្រេចចិត្ត របស់សម្តេចតេជោ នាពេលនោះ ជាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើល និងកក្រើកពិភពលោកមួយ ។
សូមរំលឹកថា នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក មានទេសចរណ៍ចំនួន២,២៥៧នាក់ បានចូលមកដល់កំពង់ផែ ក្រុងព្រះសីហនុ កាលពី២ឆ្នាំមុន ។ នាវាទេសចរណ៍អាមេរិកដ៏ធំនេះ បានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ តែត្រូវបានបដិសេធ ដោយសារភ័យខ្លាច អ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ។
នាវាយក្សនេះ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន ហើយត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចត៕