ព័ត៌មានជាតិ

រដ្ឋបាលរាជធានី សាងសង់មណ្ឌលព្យាបាលជំងឺកូវីដតេជោសន្តិភាព រាជធានីភ្នំពេញ១១អគារ លើផ្ទៃដីជាង៧ហិកតា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២នេះ បានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩ តេជោសន្តិភាពរាជធានីភ្នំពេញ ។ រដ្ឋបាលរាជធានីប្តេជ្ញាធ្វើការសាងសង់ឲ្យរួចរាល់ក្នុងរយៈពេលមួយឆ្នាំ។

ក្នុងពិធីក្រុងពាលី តាមបែបសាសនាដើម្បីសុំម្ចាស់ទឹក ម្ចាស់ដីដើម្បីសាងសង់ ត្រូវបានតាមមន្ត្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា មណ្ឌលព្យាបាលជំងឺកូវីដ១៩នេះ មានឈ្មោះថាតេជោសន្តិភាពរាជធានីភ្នំពេញ ដែលត្រូវសាងសង់ចំនួន១១អាគារ លើផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលនឹងត្រូវសាងសង់ ឲ្យបានរួចរាល់ក្នុងរយៈពេលរវាង១ឆ្នាំ។ ក្រោមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យមានការសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ១៩ ឲ្យបានឆាប់រហ័ស ដើម្បីបំពេញតម្រូវការចាំបាច់ ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ពិសេសក្នុងរាជធានីភ្នំពេញក្នុងពេលដែលជំងឺផ្លូវដង្ហើម ដ៏កាចសាហាវនេះ កំពុងរីករាលដាល យ៉ាងឆាប់រហ័សចូល ក្នុងសហគមន៍ ដោយបានបំប្លែងខ្លួនជាអូមីក្រុង នឹងមានការ ឆ្លងលឿនទៀតផង។

ការចាប់ផ្តើមដំណើរការ សាងសង់មណ្ឌលព្យាបាលជំងឺកូវីដ១៩នាពេលនេះ បានបង្ហាញឲ្យឃើញពី ការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោដើម្បី ផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ.១៩ ដែលយើងមិនដឹងថាវានឹងបញ្ចប់ នៅពេលណាដូច្នេះត្រូវរៀនរស់តាមរបត់ថ្មីនៃសម័យកូវីដ ហើយអាគារ មណ្ឌលព្យាបាលជំងឺកូវីដ១៩ នេះក៏ជាសមិទ្ធិផលថ្មី ដែលនឹងកើតចេញ ជារូបរាងនៅដើមឆ្នាំ២០២២នេះ ក្រោមការដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕

To Top