ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុយម បានអំពាវនាវដល់ប្រពលរដ្ឋ មានការប្រុងប្រយ័ត្ន ដោយសារនៅពេលខាងមុខនេះ នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំបាតុភូតផ្គរ រន្ទះ។
យោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៦-២២ ខែកុម្ភៈ ឆ្នាំ២០២២របស់ក្រសួងធនធានទឹកនៅថ្ងៃទី១៥កុម្ភៈបានលើកឡើងថាក្នុងសប្ដាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី និងឥណ្ឌ) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។ ទន្ទឹមនោះក៏នឹងអាចកើតមានឡើង នូវសម្ពាធទាបតូចៗ ជាលក្ខណៈឡូកាល់ (Local) ដោយអន្លើផងដែរ ។
ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៥ អង្សាសេសីតុណ្ហភាពនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរជាទូទៅលាយឡំនឹងផ្គរ រន្ទះ ។ ក្នុងនោះខេត្តកំពង់ធំ , កំពង់ឆ្នាំង ពោធិ៍សាត់, បាត់ដំបង , បន្ទាយមានជ័យ និងប៉ៃលិន អាចមានភ្លៀងច្រើនដោយអន្លើ ។
ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី ២១-២៤អង្សាសេ នឹងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅមធ្យមលាយឡំនិងផ្គរ រន្ទះ ។
ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនឹងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សាសេ អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្ហូរលាយឡំនិងផ្គរ រន្ទះ ៕
សំណាង